(បាងកក)៖ ក្រុមអ្នកជួយសង្រ្គោះថៃ កំពុងពិចារណាលើជម្រើសថ្មីជាច្រើន ដើម្បីជួយសង្រ្គោះក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ចេញពីរូងភ្នំថំាលួង ដែលបានជាប់នៅក្នុងនោះអស់រយៈពេលជាង ១៣ថ្ងៃមកនេះ ខណៈពួកគេកំពុងប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ដែលអាចនឹងរំខានដល់ប្រតិបត្តិការជួយសង្រ្គោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
អភិបាលខេត្តឈៀងរ៉ាយ លោក ណារ៉ុងសាក់ អូសូតតាណាខន (Narongsak Osottanakorn) បានលើកឡើងដូច្នេះថា «យើងកំពុងព្យាយាមស្វែងរកជម្រើស និងបច្ចេកទេសថ្មីជាច្រើន ដើម្បីជួយយកអ្នកទាំង ១៣នាក់ ចេញមកខាងក្រៅ»។
អភិបាលខេត្តរូបនេះបានបញ្ជាក់ទៀតថា ក្នុងចំណោមមធ្យោបាយជួយសង្រ្គោះក្នុងនោះរួមមានការបង្រៀនអ្នកទាំង ១៣នាក់ ពីរបៀបមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់, របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក, ព្រមទាំងការខួងច្រកចូលរូង ដើម្បីយកអ្នកទាំងនេះចេញ មកក្រៅតែម្ដងជាដើម ប៉ុន្តែដោយសារតែខ្លាចមានការបាក់ដី ប៉ះពាល់ដល់អាយុជីវិតមនុស្សនៅក្នុងរូងភ្នំនោះ ទើបគំនិតនៃការខួងផ្នែកខ្លះនៃរូងភ្នំត្រូវបានផ្អាកសិន។
គួររំលឹកថា ក្មេងប្រុសទាំង ១២នាក់ មានអាយុចន្លោះពីឆ្នាំ ១១ ដល់ ១៦ឆ្នាំ និងគ្រួបង្វឹកបាល់ទាត់របស់ពួកគេម្នាក់អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញថា នៅមានជីវិតក្រោមប៉ុន្តែស្ថិតក្នុងអការៈស្គមស្គាំង នៅក្នុងរូងភ្នំថំាលួង នៅឯខេត្តឈៀងរ៉ាយ នៃភាគខាងជើងប្រទេសថៃ កាលពីថ្ងៃចន្ទ ក្រោយបាត់ខ្លួនអស់០៩ រាប់ចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក៕