(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច​ជ្រើសរើស​អតីត​នាយក​ម្នាក់​នៃបណ្តាញ​សារព័ត៌មាន Fox News ដែលតែងតែបានសរសេរគាំទ្រ​រដ្ឋបាលរបស់បក្ស​​សាធារណរដ្ឋ គឺ​លោក បៀល សាញ (Bill Shine) ឲ្យកាន់តួនាទី​ជាអនុប្រធាន​បុគ្គលិក ​ទទួលបន្ទុកផ្នែកទំនាក់​ទំនង​ប្រចាំការិយាល័យ​របស់លោក។ នេះ​បើតាម​ការបញ្ជាក់ពីសេតវិមាន ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍​មួយរបស់ខ្លួន សេតវិមាន​បាន​ឲ្យដឹងថា លោក Shine មានបទសោធន៍​ខាងផ្នែក​រៀបចំ​កម្មវិធីទូរទស្សន៍ ផ្នែក​ទំនាក់ទំនង និងផ្នែកគ្រប់គ្រង​អស់រយៈពេលប្រមាណ​ជា ២០ឆ្នាំ ដែលកត្តានេះ​ពិតជាអំណោយ​ផល សម្រាប់តួនាទី​របស់លោកនៅ​ក្នុង​សេតវិមាន។

គួរជម្រាបថា លោក Shine កើតនៅឆ្នាំ១៩៦៣ បានឡើងតំណែង​ជា សហអគ្គនាយក​របស់សារព័ត៌មាន​អាមេរិក Fox News ដែលជា​ប៉ុស្តិ៍ទូរទស្សន៍​សំណព្វចិត្តរបស់លោក ត្រាំ កាលពី​ឆ្នាំ២០១៦ ប៉ុន្តែត្រូវបាន​ដកតំណែង​វិញ ដោយ​សារសមត្ថភាព​​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​​របស់​លោក ជុំវិញ​​​រឿង​​​អាស្រូវ​​​​បៀតបៀនផ្លូវភេទ​ ដែលមាន​ជាប់ទាក់ទិន​នឹងលោក រ៉ូជើ អៃឡែស (Roger Ailes) អតីតនាយកប្រតិបត្តិ​ និងប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃបណ្តាញ​សារព័ត៌មានអាមេរិក​មួយនេះ៕