(វ៉ាស៊ីនតោន)៖ នៅទីបំផុតសង្រ្គាម​ពាណិជ្ជកម្ម រវាងមហាអំណាច​សេដ្ឋកិច្ចកំពូលៗ​​ទាំងពីរ​លើលោក បានចាប់ផ្តើមជា​ផ្លូវការហើយ​នា​ពេលនេះ ព្រោះរដ្ឋបាល​លោក ដូណាល់ ត្រាំ បានសម្រេច​អនុវត្តន៍តាមការគំរាម​កំហែងរបស់ខ្លួន ក្នុងការដំឡើងពន្ធ​លើផលិតនាំ​ចូល​ពី​​ចិន​​​​គិតជា​ទំហំសរុប ៣៤ពាន់លានដុល្លារ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានអាមេរិក New York Times នៅព្រឹក​​ថ្ងៃ​សុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។

វាច្បាស់​ណាស់ថា ការកើនឡើង​នៃភាពតានតឹងផ្នែក​ពាណិជ្ជកម្មខាងលើនេះ នឹងអាចជះផល​អាក្រក់ជាខ្លាំង ដល់បណ្តា​ក្រុមហ៊ុន​ និង​អតិថិជនទាំង​នៅក្នុងសហរដ្ឋអាមេរិក និងនៅ​ប្រទេសចិន។ ម៉្យាងវិញទៀត ចំណាត់ការ​បង្កើនពន្ធលើទំនិញនាំ​ចូលពីចិន ដែលបាន​ចូលជាធរមាន​ជាផ្លូវការនេះ ប្រាកដជា​នឹងបង្ខំឲ្យមានការវាយបក​ និងតបតវិញភ្លាមៗតែម្តងពីទីក្រុង​ប៉េកាំង។ ចិនធ្លាប់បាន​ព្រមានថា​ នឹង​ធ្វើការយកពន្ធទៅ​លើទំនិញ​ដែលនាំចូលពី​សហរដ្ឋអាមេរិក ​ក្នុង​ទំហំដូចគ្នា ដោយក្នុងនោះរួមមាន​សាច់ជ្រូក សណ្តែកសៀង និង​​​​​យានយន្តជាដើម។

គួរជម្រាបថា ការផ្ទុះឡើងកាន់​តែក្តៅគគុក នៃសង្រ្គាម​ពាណិជ្ជកម្ម ដែលប្រែក្លាយ​ពីការគំរាមចុះគំរាមឡើង មកជាការពិតនេះ ត្រូវគេព្រមានថា នឹងបង្កផលប៉ះពាល់ដល់​បណ្តាញផ្គត់ផ្គង់​នានា ជុំវិញពិភពលោក, និងបង្កឲ្យមាន​ការកើនឡើង​ថ្លៃទំនិញ សម្រាប់អាជីវកម្ម និង​អតិថិជន ព្រមទាំងធ្វើ​ឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុន នៅទូទាំងសកលលោក​ជាក់ជា​ពុំខាន។

បើតាមការអះអាង​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់​ដូចជាពុំបាន​បង្ហាញសញ្ញា​​ពី​ការ​បន្ធូរ​បន្ថយ​​ដៃ​អ្វី​​បន្តិច​​សោះ​នោះ ចំណាត់ការ​ដំឡើងពន្ធ​ជុំទីមួយ​លើទំនិញចិន ៣៤ពាន់លានដុល្លារនេះ នឹងតាមពីក្រោយ​ដោយការបង្កើន​ពន្ធ ១៦ពាន់លានដុល្លារ​​​​​ផ្សេងទៀត ហើយលោក ត្រាំ បានបន្តព្រមាន​ទីក្រុងប៉េកាំង​ថា នឹងដំឡើងពន្ធ​លើទំនិញ​នាំចូលរបស់ចិន​រហូតដល់ ៤៥០ពាន់លាន​ដុល្លារ​​ថែមទៀតផង នៅក្នុងករណីចិននៅតែរឹងទទឹង ចង់សងសឹក​នឹង​សហរដ្ឋអាមេរិក៕