(ប៉េកាំង)៖ ក្រោយការតម្លើងពន្ធរបស់អាមេរិក ទៅលើទំនិញរបស់ចិន ត្រូវបានចុះហត្ថលេខាដាក់ឲ្យដំណើរជាធរមាននោះ មហាយក្សចិនក៏មិនអាចបង្អង់នៅស្ងៀមយូរដែរ ដោយទីក្រុងប៉េកាំងបានប្រកាសក្តែងៗថា «ចិនត្រូវបង្ខំឲ្យចាត់វិធានការជាចាំបាច់ ដើម្បីឆ្លើយទៅហ្នឹងទង្វើរបស់អាមេរិកវិញ»។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងសេដ្ឋកិច្ចចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ជំហរច្បាស់លាស់យ៉ាងដូច្នេះថា «ចិនធ្លាប់សន្យាហើយថា នឹងមិនបាញ់គ្រាប់កាំភ្លើងចេញមុននោះទេ ប៉ុន្តែដើម្បីការពារប្រយោជន៍ស្នូលនៃប្រទេសជាតិ និងប្រយោជន៍នៃប្រជាជននោះ យើងត្រូវតែបង្ខំចិត្តចាត់វិធានការចាំបាច់ ដើម្បីតបតទៅវិញ»។ ទោះបីជាសេចក្តីថ្លែងការណ៍ខាងលើនេះនេះមិនបានបញ្ជាក់ថា ចំណាត់ការឆ្លើយតបនោះ គឺជាអ្វីឲ្យប្រាកដក៏ដោយ ប៉ុន្តែចិនធ្លាប់បានអះអាងហើយថា ខ្លួននឹងតម្លើងពន្ធតបទៅអាមេរិកក្នុងតម្លៃដូចគ្នា។
គួរបញ្ជាក់ថា សង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចកំពូលៗទាំងពីរលើលោក បានចាប់ផ្តើមជាផ្លូវការហើយនាពេលនេះ ព្រោះរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចអនុវត្តន៍តាមការគំរាមកំហែងរបស់ខ្លួន ក្នុងការដំឡើងពន្ធលើផលិតនាំចូលពីចិនគិតជាទំហំសរុប ៣៤ពាន់លានដុល្លារ។
បើតាមការអះអាងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលហាក់ដូចជាពុំបានបង្ហាញសញ្ញាពីការបន្ធូរបន្ថយដៃអ្វីបន្តិចសោះនោះ ចំណាត់ការដំឡើងពន្ធជុំទីមួយលើទំនិញចិន ៣៤ពាន់លានដុល្លារនេះ នឹងតាមពីក្រោយដោយការបង្កើនពន្ធ ១៦ពាន់លានដុល្លារផ្សេងទៀត ហើយលោក ត្រាំ បានបន្តព្រមានទីក្រុងប៉េកាំងថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់ចិនរហូតដល់ ៤៥០ពាន់លានដុល្លារថែមទៀតផង នៅក្នុងករណីចិននៅតែរឹងទទឹង ចង់សងសឹកនឹងសហរដ្ឋអាមេរិក។
ការផ្ទុះឡើងកាន់តែក្តៅគគុក នៃសង្រ្គាមពាណិជ្ជកម្ម ដែលប្រែក្លាយពីការគំរាមចុះគំរាមឡើងមកជាការពិតនេះ ត្រូវបានគេព្រមានថា នឹងបង្កផលប៉ះពាល់ដល់បណ្តាញផ្គត់ផ្គង់នានា ជុំវិញពិភពលោក, និងបង្កឲ្យមានការកើនឡើងថ្លៃទំនិញ សម្រាប់អាជីវកម្ម និងអតិថិជន ព្រមទាំងធ្វើឲ្យរង្គោះរង្គើទីផ្សារភាគហ៊ុន នៅទូទាំងសកលលោកជាក់ជាពុំខាន៕