(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រសិនបើផលប្រយោជន៍អ៊ីរ៉ង់ ដែលស្ថិតក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ពុំត្រូវបានធានាទេនោះ ទីក្រុងតេហេរ៉ង់ អាចនឹងដើរចេញពីកិច្ចព្រមព្រៀងនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីវីយែននៃប្រទេសអូទ្រីស លោក Rouhani បានថ្លែងប្រាប់ អគ្គលេខាធិការរបស់អង្គការត្រួតពិនិត្យថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ថា ប្រទេសអ៊ីរ៉ង់ ប្រហែលត្រូវធ្វើការគិតគូរពិចារណាឡើងវិញ អំពីកម្រិតនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិមួយនេះ។
ជុំវិញបញ្ហានេះដែរ លោក Rouhani នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ថា កញ្ចប់សំណើដែលលើកឡើងដោយសហភាពអឺរ៉ុប (EU) គឺពុំផ្តល់ការធានាដល់ផលប្រយោជន៍របស់អ៊ីរ៉ង់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិខាងលើឡើយ និងថាវាគឺជារឿងគួរឲ្យខកបំណងជាខ្លាំង។
គួរជម្រាបថា លោក Rouhani កំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅឯប្រទេសអូទ្រីស ក្រោយការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសស្វីស ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ុបទាំងពីរ មានគោលដៅចម្បងទៅលើការពិភាក្សាអំពីជោគវាសនានៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅចំពោះមុខការដើរចេញរបស់សហរដ្ឋអាមេរិក៕