(ប្រេស៊ីល)៖ វីដេអូមួយដែលត្រូវបានគេចែកចាយ នៅលើបណ្ដាញទំនាក់ទំនងសង្គម បានអះអាងថាអ្នកគាំទ្រក្រុមជម្រើសជាតិ ប្រេស៊ីលមួយក្រុម បាននាំគ្នាគប់ពងមាន់លើរថយន្តក្រុងដឹកក្រុមកីឡាករជម្រើសជាតិប្រេស៊ីលត្រឡប់មកផ្ទះវិញ បន្ទាប់ពីធ្លាក់ត្រឹម វគ្គ៨ក្រុម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសរុស្ស៊ី ក្រោមស្នាដៃក្រុមប៊ែលហ្សិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៩ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ គេហទំព័រ The Spanish news portal As.com ដែលជាអ្នកបង្ហោះវីដេអូខាងលើនៅថ្ងៃចន្ទនេះ បានបង្ហាញ ថាក្រុមអ្នកគាំទ្រជម្រើសជាតិប្រេស៊ីល មានការខឹងសម្បារជាខ្លាំង រហូតដល់នាំគ្នាគប់ពងមាន់ដាក់រថយន្តក្រុងដឹកក្រុមកីឡាករ ប្រេស៊ីល។ ប៉ុន្តែទន្ទឹមគ្នា វីដេអូនេះ មិនទាន់ត្រូវបានគេទទួលស្គាល់ថាជាការពិតដូចការអះអាងនៅឡើយទេ ខណៈមានសេចក្ដីរាយ ការណ៍មួយចំនួនថារថយន្ដក្រុងខាងលើមិនមែនជារថយន្តក្រុងដឹកក្រុមកីឡាករជម្រើសជាតិប្រេស៊ីលនោះទេ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ប្រេស៊ីល បានធ្លាក់ត្រឹមវគ្គ៨ក្រុម ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឯប្រទេសរុស្ស៊ី ដោយចាញ់ ក្រុមជម្រើសជាតិប៊ែលហ្សិក ១ទល់នឹង២ ហើយកីឡាករប្រេស៊ីល Willian ក៏បានសូមទោសអ្នកគាំទ្ររបស់ខ្លួនផងដែរ៕