(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសន្យាថា ទីក្រុងប៉េកាំងនឹងផ្ដល់កញ្ចប់ប្រាក់កម្ចី ២០ពាន់លានដុល្លារ និងជំនួយហិរញ្ញវត្ថុ ១.៦ពាន់លានដុល្លារ ដល់បណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈិមបូព៌ា ក្រោមក្របខណ្ឌដែលលោកផ្ទាល់ហៅថា ប្រេង និងឧស្ម័នគឺជាគំរូស្ដារឡើងវិញ នូវកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។
លោក ស៊ី ជិនពីង ធ្វើការសន្យាបែបនេះ នៅក្នុងពិធីជួបជុំជាមួយអ្នកតំណាងមកពីប្រជាជាតិអារ៉ាប់ចំនួន ២១ នៅក្នុងរដ្ឋធានីប៉េកាំង នៅថ្ងៃអង្គារនេះ ហើយមិនតែប៉ុណ្ណោះ ប្រធានាធិបតីចិនរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការអភិវឌ្ឍគឺជាកូនសោដ៏សំខាន់ក្នុងការដោះ ស្រាយបញ្ហាសន្តិសុខជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៌ា។ ថ្លែងនាឱកាសនោះ លោក ស៊ី បានគូសបញ្ជាក់ដូច្នេះថា «យើងគួរតែយកចិត្តគ្នាទៅវិញទៅមក កុំភ័យខ្លាចពីភាពខុសគ្នា កុំគេចវេសពីបញ្ហា ហើយត្រូវបង្កើនកិច្ចពិភាក្សាឱ្យកាន់តែស៊ីជម្រៅ លើនយោបាយការបរទេស និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍ»។
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនការចូលរួមបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈ ប្រជាជាតិអារ៉ាប់ជាច្រើន តាមរយៈគោលនយោបាយសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវ។ ដោយឡែកប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនឹងទទួលបានចំនួនពីចិន មានដូចជា ហ្ស៊កដានី ស៊ីរី លីបង់ យ៉េមែន និងប៉ាឡេស្ទីនជាដើម៕