(អាមេរិក)៖ មនុស្ស​យ៉ាងតិច ០៨នាក់​បានបាត់បង់ជីវិត និងមួយចំនួនទៀត​បាត់ខ្លួន ខណៈទូកដឹកអ្នកទេសចរ​មួយគ្រឿង បាន​ក្រឡាប់​លិច​​​នៅ​លើ​ផ្ទៃ​បឹង​​មួយ​កន្លែង​ក្នុងរដ្ឋ មីសសួរី (Missouri) ភាគកណ្តាលសហរដ្ឋអាមេរិក។ នេះបើតាម​សេចក្តីរាយការណ៍​របស់ប្រព័ន្ធផ្សាយ​ក្នុងស្រុក​អាមេរិក ដកស្រង់​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

បើតាមប្រភពព័ត៌មាន​នៅក្នុងសហរដ្ឋអាមេរិក​ផ្ទាល់ មនុស្សយ៉ាងតិច ០៨នាក់ ត្រូវបានអាជ្ញាធរ​បញ្ជាក់ថា បាត់បង់ជីវិត និង​មួយចំនួន​​​ទៀតមិនទាន់​ត្រូវបានឃើញ​នៅឡើយទេ ក្រោយពី​ទូកដឹកអ្នកទេសចរមួយគ្រឿង បានក្រឡាប់​ហើយលិច​នៅក្នុងបឹង​ឈ្មោះ ថេប៊ល រ៉ក់ ឡេក (Table Rock Lack) នៅ​ចំពេលមានខ្យល់​បោកបក់ខ្លាំង។

គួរជម្រាបថា នា​ខណៈនេះ​ក្រុមអ្នកមុជទឹក​អាមេរិក កំពុងតាមស្វែងរក​អ្នកដែលបានបាត់​ខ្លួន ខណៈទូកខាង​លើមានផ្ទុកមនុស្ស​​​សរុបចំនួន ៣១នាក់ ហើយមនុស្សមួយ​ចំនួនទៀត ក៏កំពុងសម្រាក​ដើម្បីទទួលការព្យាបាល​ នៅឯមន្ទីរពេទ្យក្នុងតំបន់កើតហេតុផងដែរ ក្រោយពីពួកគេ​បានរួចរស់ជីវិត​ ពីគ្រោះថ្នាក់​លិចទូក​ខាងលើ៕