(សាន់ហ្វ្រាន់ស៊ីស្កូ)៖ Alphabet ដែលជាក្រុមហ៊ុនគ្រប់គ្រោងពីលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google របស់អាមេរិកបានប្រកាសឲ្យដឹងពីការរកចំណូលបានដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន គឺដល់ទៅ ៣២.៧ពាន់លានដុល្លារ នៅត្រីមាសទី ២ នាឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
នៅក្នុងចំណោមប្រាក់ចំណូលត្រីមាសទី ២ ដែលបានកើនឡើងក្នុងអត្រា ២៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google បានចូលរួមចំណែកយ៉ាងធំធេងលើសគេ គឺក្នុងចំនួន ២៨ពាន់លានដុល្លារ នៅត្រីមាសទី ២ នេះ។
ជាមួយគ្នានេះ Google បានបង្កើតការងារបន្ថែមប្រមាណ ៤,០០០កន្លែង ពីត្រីមាសទី ១ និងចំនួនបុគ្គលិកសរុបរបស់ខ្លួនបានកើនដល់ជិត ៩០,០០០នាក់ គឺកើន ១៧ភាគរយ ពីឆ្នាំមុនដែលមានបុគ្គលិក ៧៥,៦០៦នាក់។
គួរជម្រាបថា ដោយសារការរកចំណូលបានដ៏លើសលប់ នៅក្នុងត្រីមាសទី ២ ឆ្នាំ២០១៨នេះ តម្លៃក្នុងទីផ្សារហ៊ុនរបស់ Alphabet បានលោតដល់ ៨៦៥ដុល្លារ ដែលបានជាហេតុជួយជ្រោមជ្រែងឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បោះជំហានកាន់តែជិតថែមទៀត ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃខ្ទង់ទ្រីលានដុល្លារ (ពាន់ពាន់លានដុល្លារ)៕