(តូក្យូ)៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វ៊ូមីអូ គីហ្ស៊ីដា (Fumio Kishida) ទំនងជានឹងមិនអាចក្លាយជាបេក្ខភាពមួយរូប ក្នុងចំណោមបេក្ខភាពសំខាន់ៗផ្សេងទៀត ដែលនឹងមានឱកាសចូលប្រកួតប្រជែងការបោះឆ្នោតនៅខែកញ្ញា ឆ្នាំ២០១៨ ដើម្បីដណ្តើមតំណែងជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
បច្ចុប្បន្ននេះលោក Kishida មានតួនាទីជាប្រធានការិយាល័យនយោបាយ នៃគណបក្ស LDP (សេរីនិយមប្រជាធិបតេយ្យ) ខណៈលោក ស៊ីនហ្សូ អាបេ ដែលជាប្រធានបក្សនេះ ត្រូវបានគេរំពឹងទុករួចហើយថា នៅតែអាចបន្តធ្វើជាមេដឹកនាំបក្សនេះតទៅទៀត ដើម្បីចូលរួមប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការបោះឆ្នោតអាណត្តិថ្មី ដែលនឹងឈានមកដល់ តែជាង១ខែទៀតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមអ្នកវិភាគនយោបាយរបស់ជប៉ុន លោក Kishida ស្ថិតនៅក្នុងបញ្ជីនៃបុគ្គលមួយចំនួន ដែលមានឱកាសច្រើនក្នុងការឡើងធ្វើជាប្រធានបក្សជំនួសលោក អាបេ ខណៈអតីតរដ្ឋមន្ត្រីការបរទេសលោក ហ្ស៊ីហ្គឺរុ អ៊ីហ្ស៊ីបា (Shigeru Ishiba), រដ្ឋមន្ត្រីមហាផ្ទៃលោក សៃកូ ណូដា (Seiko Noda) និងរដ្ឋមន្ត្រីការបរទេសលោក តារ៉ូ កូណុ (Taro Kono) ក៏ដូចគ្នាផងដែរ។
បើតាមច្បាប់របស់ប្រទេសជប៉ុន ប្រធានបក្សមួយដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ឬទទួលបានសំឡេងភាគច្រើននៅក្នុងសភា (ទោះបីជាក្នុងរដ្ឋាភិបាលចំរុះក៏ដោយ) នោះនឹងក្លាយជានាយករដ្ឋមន្ត្រីដោយស្វ័យប្រវត្តិតែម្តង៕