(ឡាវ)៖ ក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រាន្តមានជីវិត បន្ទាប់ពីទំនប់វារីអគ្គិសនីមួយកន្លែង នៅក្នុងប្រទេសឡាវ បានបាក់រលំកាលពីថ្ងៃចន្ទ ដោយបង្កជាគ្រោះទឹកជំនន់នៅតាមភូមិជាច្រើន និងផ្ដាច់យកជីវិតមនុស្ស២០នាក់ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរឡាវ មនុស្សជាង១០០នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ហើយរាប់ពាន់នាក់ទៀតបានបាត់បង់ ផ្ទះសម្បែងរបស់ពួកគេ។ អាជ្ញាធរឡាវ កាលពីថ្ងៃអង្គារនេះ បានឱ្យដឹងថាទំនប់វារីអគ្គិសនីមួយកន្លែងបានដួលរលំ នៅខេត្ត Attapeu (អាត់តាពើ) ភាគអាគ្នេយ៍ប្រទេសឡាវជាប់ព្រំដែនខេត្តស្ទឹងត្រែងព្រមទាំងខេត្តរតនៈគិរី ភាគឦសាននៃប្រទេសកម្ពុជា។
ទំនប់ខាងលើត្រូវបានគេរាយការណ៍ថា បានបញ្ចេញទឹកយ៉ាងជន់ជោរ ទំហំប្រមាណ០៥ពាន់លានម៉ែត្រគូបនៅក្នុងសង្កាត់ សានសៃ (San Sai) នៃខេត្តអាត់តាពើ។
គួរជម្រាបថា ទំនប់វារីអគ្គិសនីខាងលើ ត្រូវបានសាងសង់ឡើងដោយគម្រោងរួមគ្នាមួយ ដឹកនាំដោយបណ្តាញក្រុមហ៊ុន កូរ៉េខាងត្បូង សហការជាមួយថៃ និងឡាវ។ ទំនប់នេះត្រូវបានគេគ្រោងនឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំនេះ ប៉ុន្តែវាមិនទាន់ច្បាស់នៅឡើយទេថា តើវាបានចាប់ផ្តើមប្រតិបត្តិការហើយ ឬនៅនោះឡើយ មុនហេតុការណ៍ទំនប់នេះកើតឡើង៕