(អាតែន)៖ អាជ្ញាធរក្រិកបានប្រកាសកាន់ទុក្ខរយៈពេល ០៣ថ្ងៃ រាប់ចាប់ពីថ្ងៃអង្គារម្សិលមិញ ខណៈចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅឯតំបន់ Attica ស្ថិតនៅក្បែរទីក្រុងអាតែនបានកើនឡើងដល់ ៧៤នាក់ហើយ និង ១៨៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Aisa នៅព្រឹកថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃបានកើតឡើងតាំងតែពីរសៀលថ្ងៃចន្ទមកម្ល៉េះ ដោយវាបានបង្ខំឱ្យមនុស្សរាប់ពាន់ អ្នកត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ។ មួយវិញទៀតអាជ្ញាធរក្រិក បានក្រើនរំលឹកឱ្យប្រជាជននៅ ក្បែរតំបន់រងគ្រោះមានការប្រុងប្រយ័ត្នខ្ពស់ ដោយហេតុថា សីតុណ្ហភាពបានកើនដល់ ៤០អង្សាសេ ស្របពេលក្រុមអ្នកពន្លត់ អគ្គីភ័យរាប់រយនាក់កំពុងតស៊ូប្រយុទ្ធ នឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុត នៅក្នុងប្រទេសក្រិកអស់រយៈពេលរាប់ទសវត្សរ៍មកនេះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រិកប្រកាសចាត់ទុកភ្លើងឆេះព្រៃនេះ គឺជាគ្រឿងមហន្តរាយ និងសោកនាដកម្មសម្រាប់ជាតិ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់បាត់ខ្លួននៅឡើយទេ៕