(សេអ៊ូល)៖ កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់នៅអំឡុងសម័យសង្រ្គាមកូរ៉េ ឱ្យសហរដ្ឋអាមេរិកវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីបានទទួលក្ដាមឈូសចំនួន ១០០ ពីទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨។
ការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុកងទ័ពអាមេរិក ដែលបានស្លាប់ក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ដែលបានធ្វើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ។
ដោយឡែកកងទ័ពអាមេរិក កាលពីខែមិថុនាក៏បានអះអាងដែរថា ខ្លួនបានបញ្ជូន មឈូសចំនួន ១០០ ទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ ហើយបើតាមយ៉ុនហាប់ កូរ៉េខាងជើងបានទទួលមឈូសទាំងនេះហើយ ជាមួយការរំពឹងថា ទីក្រុងព្យុងយ៉ាងនឹងប្រគល់អដ្ឋិធាតុកងទ័ពអាមេរិក នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ដែលត្រូវនឹងថ្ងៃបា្ររព្ធខួបលើកទី ៦៥ នៃការចុះហត្ថលេខលើបទឈប់បាញ់ឆ្នាំ១៩៥៣។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ មិនបានបញ្ជាក់ពីចំនួនអដ្ឋិធាតុកងទ័ពអាមេរិក ដែលកូរ៉េខាងជើងនឹង ប្រគល់ត្រឡប់មកវិញនោះទេ។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន រំពឹងថា អាចនឹងទទួលបានអដ្ឋិធាតុកងទ័ពអាមេរិក ៥៥នាក់ដំបូង ហើយអដ្ឋិធាតុទាំងនេះនឹងត្រូវបានធ្វើការវិភាគ DNA មុននឹងត្រូវបញ្ជូនបន្តទៅរដ្ឋហាវ៉ៃ៕