(ឡុងដ៍)៖ លោក Jeremy Hunt ដែលទើបតែឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអង់គ្លេសថ្មីជំនួស លោក Boris Johnson កាលពីដើមខែកក្កដាកន្លងទៅ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចរបស់លោក Jeremy Hunt ធ្វើឡើងនៅពេលដែលចិន និងសហរដ្ឋអាមេរិក កំពុងធ្វើសង្រ្គាមតម្លើងពន្ធដាក់គ្នា ទៅវិញទៅមក ហើយដែលនេះត្រូវបានអ្នកជំនាញខ្លះដូចជា លោក Liu Dian យល់ថាវានឹងក្លាយជាឱកាសមួយឱ្យអង់គ្លេសបង្កើន ក៏ដូចជាបើកសករាជមាសថ្មីនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។

លោក Liu Dian ជាអ្នកជំនាញមួយរូបមកពី សាកលវិទ្យាល័យ Beijing People's University បានគូសបញ្ជាក់នៅ ក្នុងបទសម្ភាសន៍ជាមួយ Sputnik ដូច្នេះថា៖«ចិន និងអង់គ្លេស កំពុងស្ថិតនៅលើទីតាំងដ៏ពិសេសមួយលើសណ្ដាប់ធ្នាប់អន្តរជាតិ បច្ចុប្បន្ន ហើយប្រទេសទាំងពីរសុទ្ធតែគាំទ្រការធ្វើពាណិជ្ជកម្មសេរី...អង់គ្លេស និងចិនអាចនឹងចាប់យកឱកាសនេះកសាង សេដ្ឋកិច្ចបើកចំហរមួយ និងប្រឆាំងគំនិតគាំពារនិយម រួមទាំងឯកតោភាគី ខណៈសហរដ្ឋអាមេរិកកំពុងធ្វើសង្រ្គាមពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសដទៃ»។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក នៅក្នុងដំណើរទស្សនកិច្ចនៅឯទីក្រុងប៉េកាំង លោក Jeremy Hunt នឹងត្រូវជួបពិភាក្សាការ ងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នាយករដ្ឋមន្ត្រី Li Keqiang និងសមាជិកការិយាល័យនយោបាយចិន លោក Yang Jiechi៕