(អាតែន)៖ អាជ្ញាធរប្រទេស​ក្រិកបានឲ្យដឹងថា ចំនួនមនុស្សស្លាប់​ដោយសារមហន្តរាយ​ភ្លើងឆេះព្រៃ ដែលបាន​បង្កការ​បំផ្លិចបំផ្លាញ​យ៉ាង​អាក្រក់នៅ​ក្បែរ​ទីក្រុងអាតែន បានកើនឡើងដល់ ៩១នាក់ហើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

អ្វីដែលគួរឲ្យសង្វេគ​បំផុតនោះ គឺនៅក្នុងចំណោម​អ្នកបាត់បង់ជីវិត​ខាងលើ ក៏មានកុមារមួយចំនួន​រួមមាននារីជាកូនភ្លោះ​អាយុ ១៩ឆ្នាំ, ទារកអាយុទើបតែ០៦ខែម្នាក់ ព្រមទាំងបងប្អូន​ប្រុស​ស្រី​អាយុ១១ និង១៣ឆ្នាំម្នាក់ រួមជាមួយ​ក្មេងអាយុ ១៣ឆ្នាំម្នាក់ទៀត។ ក្រៅពីនេះ​ជនបរទេស​​​មួយចំនួន​ ក៏បានស្លាប់ផងដែរ ក្នុងនោះមាន​ជនជាតិ​អៀរឡង់ ប៉ូឡូញ និងប៊ែលហ្សិក។

គួរជម្រាបថា មកទល់​ពេលនេះ​អាជ្ញាធរពន្លត់អគ្គីភ័យក្រិក កំពុងបន្តស៊ើបអង្កេត​ទៅលើ មូលហេតុដំបូង​ដែលបង្កឡើងជា​ភ្លើង​ឆេះ​ព្រៃ​ដ៏អាក្រក់នេះឡើង ដោយ​រដ្ឋាភិបាលមាន​ការសង្ស័យថា ត្រូវធ្វើឡើងដោយ​សកម្មភាព​មនុស្ស៕