(វ៉ាស៊ីនតោន)៖ នៅថ្ងៃស្អែកនេះ ​ភពអង្គារ (Mars) និងភពផែនដី នឹងស្ថិតនៅកៀកគ្នាបំផុត គិតចាប់តាំងតែពីបាតុភូត​​ស្រដៀង​គ្នា​នេះ ​បានកើតមាន​ឡើងកាលពី ១៥ឆ្នាំកន្លង​ទៅនេះ ហើយនៅពេលនោះ វានឹងងាយ​ឲ្យយើងមើល​ឃើញណាស់ ដោយវាមាន​ពណ៌ក្រូច និងមាន​ស្ថេរ​ភាពពន្លឺ (មិ​នព្រិចៗ​ដូចផ្កាយ) ឡើយ។ នេះបើតាម​​សេចក្តីប្រកាសរ​បស់​ទីភ្នាក់ងារអវកាស​​អាមេរិក NASA ដក​ស្រង់​ខ្លឹម​សារ​​​ដោយវែបសាយ Space.com នៅ​ព្រឹក​ថ្ងៃចន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១៨។

នារសៀល​ថ្ងៃទី៣១ ខែកក្កដា (ពេលវេលានៅកម្ពុជា) ភពអង្គារ​នឹងធ្វើដំណើរ​ដល់ចំណុច​កៀកបំផុត​នៅក្នុងគន្លងរបស់វា ​​ធៀប​នឹង​​​គន្លង​​​របស់​ផែនដី គឺនៅចម្ងាយ​ប្រហែល ៥៧.៦​លាន​គីឡូ​ម៉ែត្រ​​ពីភពរបស់យើងប៉ុណ្ណោះ ខណៈនេះគឺ​ជារយៈចម្ងាយ​​ផែនដី-ភពអង្គារដ៏​ខ្លីបំផុត គិត​ចាប់​តាំង​​​ពី​ឆ្នាំ​២០១៣​​មក។ នៅពេលភព​អង្គារ និងផែនដី​ខិត​​ជិតគ្នា ភពអង្គារនឹង​បង្ហាញ​ខ្លួន​ដោយ​មាន​ពន្លឺចែងចាំង​ នៅលើផ្ទៃមេឃ​របស់​យើង ហើយវាក៏ងាយ​នឹងមើល​ឃើញ​ដោយប្រើ​កែវ​យឺត​ ឬភ្នែកទទេ ផង​ដែរ​​នា​រាត្រី​។

កាលពីថ្ងៃសៅរ៍​កន្លងទៅនេះ វាក៏បានរះចែងចាំង​​នៅលើផ្ទៃមេឃ ក្បែរបាតុភូត​​ច័ន្ទគ្រាសដ៏អស្ចារ្យផងដែរ ប៉ុន្តែនៅយប់ថ្ងៃទី៣១ ខែកក្កដា ស្អែកនេះវានឹងមានពន្លឺ​ភ្លឺជាងនោះបន្តិច ហើយបើអ្នកមាន​កែវយឺតនោះ ប្រាកដជាអាចផ្តិតយក​រូបភាពភពអង្គារ​បានជា​មិនខាន ប៉ុន្តែក៏ត្រូវឲ្យមានមេឃ​ស្រឡះបំផុតដែរ ទើបពន្លឺវាអាច​បញ្ចេញខ្លាំង។

គួរជម្រាបថា ភពអង្គារ​តែងមក​កៀក​ផែនដី ដើម្បីល្មមអាច​បង្ហាញទស្សនីយ​ភាពបែបនេះ តែមួយ ឬពីរលើកប៉ុណ្ណោះ ក្នុងរយៈពេល ១៥ ឬ​ ១៧​ឆ្នាំម្តង ហើយព្រឹត្តិការណ៍ដូចគ្នា​ចុងក្រោយនោះ គឺបានកើត​ឡើងតាំងតែ​ពីឆ្នាំ២០០៣ មកម្ល៉េះ នៅពេល​រយៈចម្ងាយ​​រវាង​ភព​ទាំងពីរ​​គឺត្រឹម ៥៥.៧លានគីឡូម៉ែត្រ ជាចម្ងាយ​កៀក​បំផុត​នៅក្នុងរយៈពេល​ជិត ៦០,០០០ឆ្នាំ​កន្លងទៅ។

យ៉ាងណាក្តី ភពអង្គារនឹងមើល​ទៅ​ខ្សោយចុះពន្លឺទៅវិញ នៅពាក់កណ្តាល​​ខែសីហា ដោយសារ​ភព​ក្រហមនេះ និងផែនដី នឹងធ្វើដំណើរ​​ឃ្លាត​ឆ្ងាយពីគ្នា​នៅក្នុងគន្លង​រៀងៗខ្លួន​ជុំវិញ​ព្រះអាទិត្យរៀងៗខ្លួន ដែលជាព្រឹត្តិការណ៍ដ៏កម្រ និងគួរឲ្យចាប់​អារម្មណ៍បំផុតសម្រាប់​អ្នកចូលចិត្តតាម​ដាន​ផ្នែកតារាសាស្ត្រ៕