(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន់ រូហានី ដោយគ្មានលក្ខខណ្ឌជាមុន និងគ្រប់ពេលវេលាឱ្យតែអ៊ីរ៉ង់ចង់បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដឹកនាំការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហាខាងមុខនេះ។ ថ្លែងនាឱកាសនោះលោក ត្រាំ បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំអាចជួបនឹងអ្នកណាក៏បាន ហើយខ្ញុំជឿជាក់លើជំនួបនោះ»។
ការបង្ហាញពីចេតនាចង់បន្ធូរបន្ថយភាពតានតឹងរបស់លោក ត្រាំ កើតមានឡើងក្រោយលោក និងប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បានព្រមានដាក់គ្នាទៅវិញទៅមកកាលពីដើមខែកក្កដាកន្លងទៅ រហូតដល់សារព័ត៌មាន ABC រាយការណ៍ថា សហរដ្ឋអាមេរិកអាចនឹងដឹកនាំការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅខែសីហាខាងមុខនេះ។ ប៉ុន្តែនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក ម៉ាល់ខូម ធើនប៊ូល (Malcolm Turnbull) បានចេញមុខច្រានចោលសេចក្ដីរាយការណ៍នេះ។
គួរបញ្ជាក់ថា ក្រោយប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥ បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ បើទោះជាមានការជំទាស់ពី បារាំង អង់គ្លេស ចិន អាល្លឺម៉ង់ និងរុស្ស៊ីក៏ដោយ៕