(វ៉ាស៊ីនតោន)៖ ផ្កាយរណបស៊ើបការណ៍របស់សហរដ្ឋអាមេរិក ចាប់បានសញ្ញានៃការធ្វើសកម្មភាពសាជាថ្មីនៅឯរោងចក្រ កូរ៉េខាងជើងផលិតមីស៊ីលឆ្លងទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានប្រាប់ Reuters នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រូបភាពថតដោយផ្កាយរណបបានបង្ហាញថា យានយន្ដជាច្រើនបាន និងកំពុងធ្វើសកម្មភាពចេញ និងចូលក្នុងរោងចក្រផលិតផលមីស៊ីល ICBM នៅឯតំបន់ Sanumdong ប៉ុន្តែមិនបានបញ្ជាក់ថា តើការផលិតមីស៊ីលនេះមានការជឿនលឿនដល់កំរិតណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ទៀតថា ផ្អែកលើរូបភាពមួយក្នុងចំណោមរូបភាពជាច្រើន ថតដោយផ្កាយរណប រថយន្ដធុនធ្ងន់មួយគ្រឿងហាក់ដូចជាត្រូវបានកូរ៉េខាងជើង ប្រើប្រាស់ដើម្បីចល័តគ្រាប់មីស៊ីល ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីលើកមុនៗ។
ដោយឡែកកាលពីថ្ងៃចន្ទ សារព័ត៌មាន Washington Post ក៏បានរាយការណ៍ដែរថា កូរ៉េខាងជើងទំនងជាកំពុងផលិតមីស៊ីលឆ្លងទ្វីបមួយ ឬពីរគ្រាប់ នៅឯរោងចក្រមួយស្ថិតជាយទីក្រុងព្យុងយ៉ាង។ តែយ៉ាងណាក៏ដោយ សេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ហើយការទទួលបានភស្ដុតាងថ្មីនៅក្នុងខែកក្កដានេះ គឺជាការសន្និដ្ឋានចុងក្រោយពីសកម្មភាពនុយក្លេអ៊ែរ និងរោងចក្រផលិតមីស៊ីលកូរ៉េខាងជើង ក្រោយជំនួបជាប្រវត្តិសាស្ត្ររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា ក្នុងប្រទេសសិង្ហបុរី។
គួរជម្រាបថា ក្រោយជំនួបជាមួយលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថា កូរ៉េខាងជើងលែងកា្លយជាការគំរាមកំហែងដោយនុយក្លេអ៊ែរទៀតហើយ បើទោះជាក្រុមមន្ត្រីជាន់ខ្ពស់របស់លោកយល់ឃើញខុសពីនេះក៏ដោយ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រាប់គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹទ្ធសភាអាមេរិកថា កូរ៉េខាងជើងនៅតែកំពុងបន្តផលិតឥន្ធនៈ សម្រាប់គ្រាប់បែកនុយក្លេអ៊ែរដដែល បើទោះជាទីក្រុងព្យុងយ៉ាងបានសន្យាថា នឹងរំសាយអាវុធនុយក្លេអ៊ែរក៏ដោយ។
លើសពីនេះទៅទៀត បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកថ្លែងប្រាប់ Reuters ខាងលើដដែល រាល់គ្រាប់មីស៊ីលថ្មីដែលកូរ៉េខាងជើងកំពុងផលិត អាចនឹងត្រូវបាញ់សាកល្បងជាថ្មី នៅពេលអនាគតក៏ថាបាន៕