(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រមុខការទូតអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នាខែក្រោយនេះ ដើម្បីជជែកពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសចំនួន ០៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដំណើរបំពេញទស្សនកិច្ចរបស់លោក Pompeo នឹងប្រព្រឹត្តទៅនៅម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី០១ ដល់ទី០៥ ខែសីហាខាងមុខនេះ។ នៅក្រុងគូឡាឡាំពួ លោក Pompeo នឹងស្នាក់នៅរហូតដល់ថ្ងៃទី០៣ ខែសីហា ដើម្បីជួបជាមួយមន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី ក្រោមគោលដៅពង្រឹងភាពជាដៃគូទ្វេភាគីគ្រប់ជ្រុងជ្រោយ និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចក៏ដូចជាសន្តិសុខរួម នៅក្រោយការផ្លាស់ប្តូររដ្ឋាភិបាលកាលពីពេលថ្មីៗនេះរបស់ម៉ាឡេស៊ី។
ជាមួយគ្នានេះដែរ នាថ្ងៃទី០៣និងទី០៤ ខែសីហា លោករដ្ឋមន្រ្តីការបរទេសអាមេរិក នឹងចូលរួមកិច្ចប្រជុំសំខាន់ៗមួយចំនួននៅសិង្ហបុរី ដើម្បីលើកកម្ពស់គោលនយោបាយក្នុងតំបន់របស់សហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត លោក Pompeo នឹងចូលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីការបរទេសសិង្ហបុរី ដើម្បីជជែកអំពីទំនាក់ទំនងទ្វេភាគី។
គួរជម្រាបថា សម្រាប់គោលដៅទស្សនកិច្ចចុងក្រោយនៅទីក្រុងហ្សាការតា ចាប់ពីថ្ងៃទី០៤ ដល់ទី០៥ ខែសីហា លោក Pompeo ត្រូវគេរំពឹងថា នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-ឥណ្ឌូណេស៊ី ស្របពេលដែលប្រទេសទាំងពីរ កំពុងឈានទៅរកការអបអរសាទរ ចំពោះគម្រប់ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ២០១៩ ខាងមុខ៕