(ស្តក់ហូម)៖ កម្រិតសីតុណ្ហភាពទឹកសមុទ្រខ្ពស់ខុសប្លែកពីធម្មតា បានបង្ខំឲ្យរោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែង នៅក្នុងប្រទេសស៊ុយអែតផ្អាកដំណើរការជាបណ្តោះអាសន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
សីតុណ្ហភាពទឹកសមុទ្រ នៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរមួយកន្លែងរបស់ស៊ុយអែត បានបង្ខំឲ្យរោងចក្រផលិតថាមពលនេះ បិទទ្វារលែងដំណើរការជាបណ្តោះអាសន្នសិន ពីព្រោះតែទឹកសមុទ្របានកើនឡើងកម្តៅដល់ ២៥អង្សាសេបែបនេះវាលែងអាចត្រូវប្រើប្រាស់ដើម្បីធ្វើជាវត្ថុធាតុ សម្រាប់ការបញ្ចុះកម្តៅដល់រោងចក្របានទៀតឡើយ។
គួរជម្រាបថា រោងចក្រនុយក្លេអ៊ែរដែលត្រូវបានបិទឈ្មោះ រីងហាល់ស៍ធូ (Ringhals 2) ខណៈស្ថានីយ ០២ផ្សេងទៀតគឺ Ringhals 3 និង 4 កំពុងធ្វើប្រតិបត្តិការជាធម្មតា។ ចំណែករោងចក្រនុយក្លេអ៊ែរ Ringhals 1 វិញកំពុងស្ថិតក្រោមការជួលជុល និងត្រួតពិនិត្យប្រចាំដែលត្រូវបានគ្រោងទុកជាមុន។
សីតុណ្ហភាពទឹកសមុទ្រខ្ពស់បែបនេះ គឺជារឿងខុសប្លែកពីធម្មតាមួយនៅស៊ុយអែត ហើយក្នុងសតវត្សរ៍ទី២១ នេះគឺជាលើកទីពីរហើយ ដែលរោងចក្រនុយក្លេអ៊ែរ ត្រូវបានផ្អាកដំណើរការ ដោយសារតែមូលហេតុដូចគ្នា៕