(អាមេរិក)៖ នាដើមសប្តាហ៍នេះ តម្លៃភាគហ៊ុនរបស់ Facebook បានថយ ០៤ភាគរយថែមទៀត ក្រោយពីបានស្រុតចុះ ២០ភាគរយកាលពីសប្តាហ៍មុន។ បន្ថែមពីនេះកាលពីសប្តាហ៍កន្លងទៅ តម្លៃភាគហ៊ុនក្នុងទីផ្សាររបស់ Twitter ក៏បានធ្លាក់ចុះ ២០ភាគរយផងដែរ ស្របពេលដែលបណ្តាញទំនាក់ទំនងសង្គមធំៗទាំងពីរនេះ នៅតែបន្តប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើង ជុំវិញបញ្ហាព័ត៌មានឯកជន និងព័ត៌មានក្លែងក្លាយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ចាប់តាំងពីខែមីនាមកម្ល៉េះ ក្រុមហ៊ុន Facebook បានស្ថិតនៅក្នុងភ្នក់ភ្លើងនៃការរិះគន់របស់មហាជនក្រោយពីមានផ្ទុះព័ត៌មានថា ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ប្រហែលពី ៥០ ទៅ ៨០លាននាក់ ត្រូវបានក្រុមហ៊ុនប្រឹក្សានយោបាយឈ្មោះ Cambridge Analytica ប្រមូលយកជាសម្ងាត់ដោយពុំមានការដឹងលឺពីសាមីខ្លួនឡើយ។ ទិន្នន័យទាំងនេះត្រូវគេអះអាងថា បានប្រើប្រាស់សម្រាប់ទស្សន៍ទាយ និងជះឥទ្ធិពលទៅលើម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦។
សម្រាប់បញ្ហាជាមួយ Twitter វិញ កាលពីសប្តាហ៍មុនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់បណ្តាញសង្គមយក្សនេះថា បានបិទដោយប្រយោលនូវគណនីរបស់មន្រ្តីល្បីៗនៃបក្សសាធារណរដ្ឋ បន្ទាប់ពីឈ្មោះរបស់តំណាងរាស្រ្តជាច្រើនរូបនៃបក្សនយោបាយនេះ ពុំត្រូវបានបង្ហាញនៅក្នុងប្រអប់ស្វែងរកនៃបណ្តាញ Twitter ឡើយ។ គួរបញ្ជាក់ថា Twitter និង Facebook គឺជាបណ្តាញសង្គមធំៗបំផុតនៅអាមេរិក ដែលអ្នកនយោបាយ និងថ្នាក់ដឹកនាំអាមេរិកនិយមប្រើប្រាស់ ដើម្បីចែករំលែកព័ត៌មានទូទៅ និងទស្សនរបស់ពួកគេទៅកាន់មហាជន៕