(ហ្ស៊ីមបាវេ)៖ មេដឹកនាំបក្សប្រឆាំងនៅហ្ស៊ីមបាវេ លោក នែលសុន ចាមីសា (Nelson Chamisa) បានប្រកាសពីជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលបានប្រព្រឹត្តទៅនាថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជាជនហ្ស៊ីមបាវេ បានចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្តជាលើកដំបូង ចាប់តាំងតែពីការទម្លាក់អតីតមេដឹកនាំ លោក មូហ្គាបេ (Mugabe) ដែលមានវ័យជាង ៩០ឆ្នាំចេញពីអំណាច។ សម្រាប់បេក្ខជនដែលបានចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីមានចំនួន ២៣រូប ដោយសមាសភាពសំខាន់ៗរួមមានលោក ម៉ាណងហ្គាវ៉ា (Mnangawa) វ័យ ៧៣ឆ្នាំ មកពីបក្សកាន់អំណាច ZANU-PF និងលោក Nelson Chamisa វ័យ ៤០ឆ្នាំ មកពីបក្សប្រឆាំងដ៏ល្បីមួយគឺ MDC។
ថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅ មុនការបោះឆ្នោតចាប់ផ្តើម លោក Robert Mugabe បានថ្លែងនៅចំពោះមុខប្រជាជនហ្ស៊ីមបាវេថា លោកនឹងមិនគាំទ្រចំពោះលោក Emmerson Mnangagwa ដែលបានឡើងធ្វើជាប្រធានគណបក្ស ZANU-PF ជំនួសរូបលោកឡើយ។
គួរជម្រាបថា ការបោះឆ្នោតខាងលើ គឺជាការបោះឆ្នោតលើកទីមួយហើយ ក្រោយពីរយៈពេល ០៣ទសវត្សរ៍ នៃការកាន់អំណាចរបស់អតីតប្រធានាធិបតី លោក Mugabe។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក Mugabe ដែលធ្លាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីផងដែរនោះ ត្រូវបានបង្ខំឲ្យចុះចេញពីអំណាច។ ចំណែកលោក Mnangagwa ដែលជាអតីតប្រធានាធិបតី ពេលនោះបានស្បថឡើងឡើងកាន់អំណាចបន្តពីលោក Mugabe រហូតមកដល់ការបោះឆ្នោតនាថ្ងៃចន្ទដើមសប្តាហ៍នេះ៕