(ហាណូយ)៖ វៀតណាម​មាន​ការកាក់កប​យ៉ាងខ្លាំង នៅក្នុងវិស័យនាំចេញ​​អាហារសមុទ្រ​ សម្រាប់​អំឡុង​​ពេល ០៧ខែដំបូងនៃឆ្នាំ២០១៨នេះ ដោយរក​បានចំណូលប្រមាណ ៤.៧ពាន់លានដុល្លារ​ដែលមានកំណើន ​៨.១ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នានា​ឆ្នាំមុន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។

បើតាមសមាគម​អ្នកនាំចេញអាហារសមុទ្រ​វៀតណាម ប្រទេសអាស៊ាន​មួយនេះ ត្រូវគេរំពឹងថា នឹងរកចំណូលបាន​ពី​ការ​នាំចេញ​អាហារសមុទ្រ​ចំនួនពី​៨.៥ ទៅ ០៩ពាន់លានដុល្លារ សម្រាប់​ឆ្នាំ២០១៨នេះ​ទាំងមូល ពោលគឺច្រើនជាងឆ្នាំមុន​ដែលរកចំណូលបាន​​ជាង ​​៨.៣ពាន់លានដុល្លារ។

គួរជម្រាបថា កាលពីឆ្នាំ២០១៧ វៀតណាមបានធ្វើការនាំ​ចេញគ្រឿង​សមុទ្រសរុប​​ជាង ៧.២លានតោន ដោយក្នុងនោះ ៣.៤លាន​តោន​​បានមកពីការ​នេសាទ និង​ជាង ៣.៨លានតោន បានមកពីការចិញ្ចឹម។ ប្រភេទអាហារសមុទ្រដែលផ្តល់ចំណូល​បានច្រើន​ជាង​គេ​តាម​រយៈ​​ការ​នាំចេញ​​បង្គារតែម្តង ហើយផ្សេងៗទៀតមានដូចជា មឹក ត្រីធូណា និងក្តាមជាដើម៕