(គូឡាឡាំពួរ)៖ លោក អាហ្សារូដឌីន អាប់ឌុល រ៉ាម៉ាន់ (Azharuddin Abdul Rahman) ដែលជាប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី នៅពេលជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines បាត់ខ្លួនយ៉ាងអាថ៌កំបាំង បានសម្រេចចិត្តលាលែងពីដំណែងហើយនៅថ្ងៃអង្គារនេះ បួនឆ្នាំបន្ទាប់ពីសោកនាដកម្ម។ នេះបើតាមរដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ីលោក អាន់ថូនី ឡុក (Anthony Loke) បានបញ្ជាក់ថា លោក Azharuddin Abdul Rahman ដែលជាប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DCA) បានលាលែងពីតំណែងដើម្បីទទួលខុសត្រូវ ក្រោយការចេញ ផ្សាយរបាយការណ៍ពេញលេញមួយកាលពីថ្ងៃចន្ទ ស្ដីពីការបាត់ខ្លួនរបស់ MH370។
លោក Azharuddin បានលើកឡើងនៅក្នុង សេចក្ដីថ្លែងការណ៍ដូច្នេះថា «ការបម្រើការងារឱ្យឧស្សហកម្មនេះអស់រយៈពេលជាង ៤០ឆ្នាំមក វាគឺជាកិត្តិយសដ៏អស្ចារ្យសម្រាប់ជីវិតខ្ញុំ ហើយខ្ញុំពិតសូមទោសដែលមិនអាចបន្តបំពេញអាណត្តិនៅសេសសល់របស់ខ្ញុំ... វិស័យអាកាសចរណ៍គឺជាផ្នែកមួយនៃជីវិត របស់ខ្ញុំតាំងតែពីកុមារភាព ហើយវានឹងនៅដកជាប់ក្នុងដួងចិត្តជានិច្ច សម្រាប់ជីវិតនៅសេសសល់របស់ខ្ញុំ»។
គួររំលឹកថា យន្តហោះជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលមានផ្ទុកមនុស្សសរុប ២៣៩នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលធ្វើដំណើរតាមផ្លូវហោះហើរ ចេញពីរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំងនៃប្រទេសចិន កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។
ក្នុងរយៈពេលជាង៤ឆ្នាំកន្លងទៅនេះ បំណែកយន្តហោះត្រឹមចំនួន ០៣បំណែក ប៉ុណ្ណោះ ដែលត្រូវបានទទួលស្គាល់ថា ពិតជារបស់ MH370 ប្រាកដមែន ហើយពួកវាត្រូវបានគេរកឃើញ នៅឆ្នេរភាគខាងលិចមហាសមុទ្រឥណ្ឌា ប៉ុន្តែពុំមានភស្តុតាំងអ្វីបន្ថែមទៀត ឬសូម្បីមូលហេតុបាត់ខ្លួន និងធ្លាក់ MH370 ពិតប្រាកដដែលត្រូវបានបកស្រាយឲ្យគ្រប់គ្នាទទួលយកបាននោះឡើយ។
ការចេញផ្សាយរបាយការណ៍ខាងលើ ធ្វើឡើងនៅរយៈពេល ០២ខែបន្ទាប់ពី រដ្ឋាភិបាលម៉ាឡេស៊ី បានសម្រេចបញ្ឈប់ប្រតិបត្តិការ រុករកនៅក្រោមផ្ទៃទឹកនៃយន្តហោះ ដែលប្រព្រឹត្តដោយក្រុមហ៊ុនឯកជន៕