(ហាណូយ)៖ សំណង់ស្ពានមួយ​ខ្សែនៅជាយក្រុងដាណាង នៃប្រទេសវៀតណាម កំពុងទទួលបាន​​ការស្ងើចសរសើរ​​យ៉ាងខ្លាំង​ពី​ភ្ញៀវ​ទេសចរ ដោយសារតែក្បូចរចនា​ដ៏អស្ចារ្យ​ និងឡូយឆាយរបស់វា។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Boredpanda នៅល្ងាច​ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ដោយត្រូវគេស្គាល់ថា «ស្ពានមាស» សំណង់ស្ថាបត្យកម្ម​នេះ​ស្ថិតនៅកម្ពស់ ​១,៤០០ម៉ែត្រ​​​​ នៅលើភ្នំបាណា ដែលប្រការនេះ​អាច​ផ្តល់​ឲ្យ​ភ្ញៀវទេសចរ​ទាំងឡាយ គយគន់នូវទស្សនីយភាព​​ដ៏ស្រស់បំព្រងនៃទីជនបទ ដែលនៅជុំវិញនោះ។ សម្រាប់ផ្លូវដើរ​របស់ស្ពានវិញមាន​ពណ៌មាស​ ដែលស៊ីជាមួយនិងផ្កាយពណ៌ស្វាយនៅអមសងខាង ហើយ​លាតសន្ធឹងប្រវែង​ជិត ១៥០ម៉ែត្រ និង​រាង​កោង​។

ប៉ុន្តែចំណុចពិសេសនៃ​ស្ពាននេះ គឺប្រអប់ដៃយក្សមួយគូ ដែលមើលទៅហាក់ដូចជា​ទម្រ​នៅ​ពី​ខាង​ក្រោមវា​។ ប្រអប់ដៃដូចគេឆ្លាក់នេះ តាមពិតត្រូវបានរចនាឡើងជាពិសេស ចេញពីគ្រោងដែកថែបដ៏រឹងមាំ។

គួរជម្រាបថា បច្ចុប្បន្ន​វិស័យទេសចរណ៍កំពុង​មានសន្ទុះឡើងយ៉ាងខ្លាំងក្លា នៅប្រទេសវៀតណាម ហើយ​សំណង់ស្ពាន​ខាងលើនេះ គឺស្ថិតក្នុងផ្នែក​នៃគម្រោង​វិនិយោគទុន​មួយតម្លៃ ០២ពាន់លានដុល្លារ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​​រាប់លាននាក់​ថែម​ទៀត៕