(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ីចំនួន០៦ ដែល បានចូលរួមក្នុងគំរោងសាងសង់ផ្លូវ និងស្ពានថ្មីមួយភ្ជាប់ពីរុស្ស៊ី ទៅកាន់តំបន់គ្រីមមៀ។ នេះបើតាមការចេញផ្សាយទីភ្នាក់ងារ
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨។
រុស្ស៊ី បានរឹបអូសយកតំបន់គ្រីមមៀពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ បើទោះជាមានការថ្កោលទោស និងដាក់ទណ្ឌកម្ម
សេដ្ឋកិច្ចជាបន្តបន្ទាប់ពីសហភាពអឺរ៉ុប ជាពិសេសគឺសហរដ្ឋអាមេរិកក៏ដោយ។ លើសពីនេះទៅទៀត ក្រោយការរឹបអូសនេះ ទីក្រុង ម៉ូស្គូ បានបញ្ជាឱ្យសាងសង់ស្ពានមានតម្លៃជាង ៣.៦ពាន់លានដុល្លារ ភ្ជាប់ទៅកាន់តំបន់គ្រីមមៀ ហើយដែលគំរោងនេះត្រូវបាន លើកឡើងដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែឧសភា កន្លងទៅ។
ប៉ុន្តែសហភាពអឺរ៉ុប បានថ្កោលទោសទីក្រុងម៉ូស្គូយ៉ាងខ្លាំង និងចាត់ទុកថាការសាងសង់ស្ពាន ព្រមទាំងការគ្រប់គ្រងតំបន់គ្រីមមៀ របស់រុស្ស៊ីគឺជាទង្វើខុសច្បាប់។ ម្យ៉ាងវិញទៀត ជាការឆ្លើយតប សហភាពអឺរ៉ុបនៅថ្ងៃអង្គារនេះ បានសម្រេចចិត្តដាក់ទណ្ឌកម្មបង្កក ទ្រព្យសម្បត្តិក្រុមហ៊ុនរុស្ស៊ីចំនួន០៦ ក៏ដូចជាហាមឃាត់បុគ្គល ឬអង្គភាពរបស់សហភាពអឺរ៉ុប មិនឱ្យផ្ដល់មូលនិធិដល់ពួកគេ ផងដែរ៕