(បាងកក)៖ រដ្ឋាភិបាលថៃបានស្នើឱ្យរដ្ឋាភិបាលអង់គ្លេស ធ្វើបត្យាប័នអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែលត្រូវបានតុលាការកាត់ទោសកំបាំងមុខដាក់ពន្ធនាគារ ពីបទធ្វេសប្រហែសធ្វើឱ្យខាតបង់ថវិការដ្ឋរាប់ពាន់លានដុល្លារ។ នេះបើតាមសម្តីលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
លោកស្រី Yingluck បានចាកចេញពីប្រទេសថៃកាលពីខែសីហា ឆ្នាំ២០១៧ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងគោលនយោបាយទិញស្រូវពីកសិករថៃ ដែលរដ្ឋាភិបាលបច្ចុប្បន្នចោទថា ធ្វើឱ្យខាតបង់ថវិការដ្ឋរាប់ពាន់លានដុល្លារ។ ប៉ុន្តែ លោកស្រីបានច្រានចោលការចោទប្រកាន់នេះ ហើយថាវាជាចេតនានយោបាយ។ លោកស្រី Yingluck ត្រូវបានគេរាយការណ៍ ថាកំពុងរស់នៅក្នុងប្រទេសអង់គ្លេស ហើយលោកស្រីផ្ទាល់ក៏បានបង្ហោះវីដេអូមួយលើ Instagram កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយថែមនិយាយទៀតថា លោកស្រីកំពុងរស់នៅសង្កាត់ Covent Garden ក្នុងតំបន់ West End នៃទីក្រុងឡុងដ៍។
គួររំលឹថា តុលាការកំពូលថៃកាលពីខែកញ្ញា ឆ្នាំ២០១៧ បានកាត់ទោសកំបាំងមុខលោកស្រី Yingluck ដាក់ពន្ធនាគារ ០៥ឆ្នាំ។ ចំណែកឯនាយរដ្ឋមន្ត្រីថៃបច្ចុប្បន្នលោក Prayut Chan-o-cha ក៏បាននិយាយដែរថា សំណើសុំធ្វើបត្យាប័នគឺជាដំណើរការ ចាំបាច់រវាងប្រទេសទាំងពីរ ដែលសុទ្ធតែជាហត្ថលេខី នៃសិទ្ធិស្ដីពីការធ្វើបត្យាប័នកាលពីឆ្នាំ១៩១១។ លោក Prayut បានលើកឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «យើងមិនអាចចាប់មនុស្សណាម្នាក់ក្នុងប្រទេសដទៃនោះទេ... ដូច្នេះគឺមានតែពួកគេ ប៉ុណ្ណោះដែលចាប់ខ្លួន និងបញ្ជូនគាត់ (លោកស្រី Yingluck) មកឱ្យពួកយើងវិញ»។
តែទោះជាយ៉ាងក៏ដោយ មិនទាន់មានការបញ្ជាក់ភ្លាមៗណាមួយ ថាតើហេតុអ្វីបានជារដ្ឋាភិបាលថៃរង់ចាំរហូតមកទល់ពេលនេះ ទើបស្នើអង់គ្លេសធ្វើបត្យាប័នលោកស្រី Yingluck ឬក៏ថា តើរដ្ឋាភិបាលទីក្រុងឡុងដ៍ធ្វើការឆ្លើយតបយ៉ាងណានោះទេ ខណៈ ការបោះឆ្នោតសកលគ្រោងនឹងត្រូវប្រព្រឹត្តទៅនៅឆ្នាំក្រោយនេះ។ ប៉ុន្តែលោកស្រី Yingluck និងបងប្រុសគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នៅតែមានឥទ្ធិពលនៅក្នុងនយោបាយថៃ៕