(ម៉ូស្គូ)៖ យោធារុស្ស៊ីបានចេញផ្សាយវីដេអូមួយ បង្ហាញពីការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេង Kh-31 Supersonic ចេញពីយន្ដហោះចម្បាំង Sukhoi Su-34 មួយគ្រឿងកាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
វីដេអូបង្ហោះលើ YouTube បានបង្ហាញពីសកម្មភាពយន្ដហោះចម្បាំង Sukhoi Su-34 បាញ់មីស៊ីលប្រឆាំងនាវាចម្បាំង Kh-31 Supersonic មួយគ្រាប់នៅក្នុងពេលធ្វើសមយុទ្ធយោធានៅឯសមុទ្រ Caspian ដោយបំផ្លាញចំគោលដៅយ៉ាងល្អឥតខ្ចោះលើ នាវាចម្បាំងមួយគ្រឿងដែលត្រូវបានប្រើប្រាស់ជានាវារបស់សត្រូវ។
គួរបញ្ជាក់ថា មីស៊ីលប្រឆាំងនាវាចម្បាំង Kh-31 ត្រូវបានដាក់ឱ្យកងទ័ពរុស្ស៊ីប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៨៩ ហើយមីស៊ីលនេះ អាចបាញ់បានចំងាយ ៧០គីឡូម៉ែត្រ តែមានឥទ្ធិពលខ្លាំង។ ការបង្ហាញនេះ ក៏កើតមានឡើងស្របពេលដែលបញ្ហាជាច្រើននៅតំបន់មជ្ឈិមបូព៌ាកំពុងតែក្តៅគគុក ជាពិសេសនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ង់ ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី៕