(បាងកក)៖ រដ្ឋមន្រ្តីមហាផ្ទៃ​ថៃលោក អនុពង្ស ផៅចិន្តា (Anupong Paochinda) បានបង្គាប់​ឲ្យ​អភិបាលនៅខេត្ត​ភាគខាងជើង​​ប្រទេសទាំងអស់ រៀប​ចំ​ចាត់​ចែង​ការជម្លៀស​ខ្លួន​ប្រជាជនចេញទៅកាន់​ទីសុវត្ថិភាព ខណៈដែល​កម្ពស់ទឹកនៅឯដង​ទន្លេមេគង្គ នៅតែបន្តកើន​ឡើងយ៉ាងគំហុក។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

ចាប់តាំងពីថ្ងៃអង្គារ​ម្សិលមិញ ទឹកទន្លេមេគង្គបានចាប់​ផ្តើម​ច្រាលចេញទៅ​កាន់តំបន់នានា​នៅជាប់មាត់ច្រាំង ក្នុងខេត្ត​មូកដាហាន (Mukdahan) ខណៈស្ថាប័ន​​ទប់ស្កាត់ និងបង្ការ​​គ្រោះមហន្តរាយថៃ បានសេចក្តីប្រកាស​អាសន្នថា ខេត្តចំនួន ២០ នៅភាគខាងជើង​ប្រទេស​កំពុងស្ថិត​​ក្រោម​ហានិភ័យនៃគ្រោះ​មហន្តរាយ​ទឹកជំនន់ ដោយសារតែការកើន​ឡើងនៃកម្រិតទឹក​ភ្លៀងធ្លាក់។

ក្នុងចំណោមនោះខេត្ត ឈាងរ៉ៃ (Chiang Rai) និងខេត្តទាំង០៦នៅភាគឦសាន រួមមានដូចជា Mukdahan, ណាខន ផាណុម (Nakhon Phanom), សាខុន ណាខុន (Sakon Nakhon), យ៉ាសុធន (Yasothon), រ៉យអេត (Roi Et), និង អ៊ូបុន រ៉ាតចាថានី (Ubon Ratchathani) ត្រូវបានព្រមានជាពិសេស​អំពីគ្រោះទឹកជំនន់ ដែលចេញមកពី​ដងទន្លេមេគង្គ ដោយសារ​តែ​ការបន្តធ្លាក់ភ្លៀង​យ៉ាងខ្លាំងក្លា នៅភាគខាងជើង និងកណ្តាល​ឡាវ។ ជាមួយគ្នានេះ មនុស្សមួយចំនួន​ក៏បានបាត់បង់ជីវិត​ផងដែរ។

គួរជម្រាបថា បើតាមការព្យាការណ៍របស់​ទីភ្នាក់ងារឧតុនិយម​ថៃ ប្រមាណ​ ៧០ភាគរយ​នៃតំបន់ភាគខាងជើង និងភាគឦសាន​ប្រទេស នឹងកើតមានព្យុះ​ភ្លៀង និងផ្គរ-រន្ទះ​ច្រើន នារហូតដល់ចុង​សប្តាហ៍នេះ ខណៈតំបន់ផ្សេងៗទៀត​នឹងមានការធ្លាក់ភ្លៀង​​​តិចតួចជាង។ ​គ្រោះ​ទឹកជំនន់ ជាទូទៅតែងបានបង្ក​ការវាយលុកខ្លាំងក្លា នៅប្រទេសថៃ នាអំឡុងខែតុលា ខណៈគ្រោះទឹកជំនន់ដ៏ធំ​នៅរាជធានីបាង​កក បានកើតឡើង​កាលពីឆ្នាំ២០១១ ដែលបានបង្កការខូចខាត​រាប់ពាន់លានបាត៕