(ប៉េកាំង)៖ មហាយក្សចិននៅថ្ងៃពុធនេះបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញភ្លាមៗ បើសិនជាសហរដ្ឋអាមេរិក តម្លើងពន្ធលើផលិតផលនាំចូលពីចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។
ការព្រមានបែបនេះរបស់ចិន ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានស្នើឱ្យមានការតម្លើងពន្ធបន្ថែម ២៥ភាគរយ លើមុខទំនិញនាំចូលពីចិន ដែលមានតម្លៃជាង ២០០ពាន់លានដុល្លារ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយក្នុងទីក្រុងប៉េកាំង អ្នកនំាពាក្យក្រសួងការបរទេសចិនលោក ជែង ហ្ស័ង (Geng Shuang) បានលើកឡើងយ៉ាងដូច្នេះថា «សម្ពាធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក លើចិនគឺគ្មានប្រសិទ្ធភាពឡើយ... តែយ៉ាងណា ទីក្រុងប៉េកាំងនៅតែប្រកាន់គោលជំហរបើកកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហា ពាណិជ្ជកម្ម»។
គួរបញ្ជាក់ថា ប្រើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក គំរោងដំឡើងពន្ធបន្ថែមខាងលើ របស់សហរដ្ឋអាមេរិក អាចនឹងត្រូវប្រកាសនៅថ្ងៃពុធនេះ (ម៉ោងនៅអាមេរិក) បើទោះបីជាមានការព្រមានពីសង្គ្រាមពាណិជ្ជកម្ម ដែលនឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់មហាយក្សទាំងសងខាងយ៉ាងណាក៏ដោយ៕