(វ៉ាស៊ីនតោន)៖ រដ្ឋអាជ្ញាពិសេស​អាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដែលកំពុងដឹកនាំ​ការស៊ើបអង្កេតលើការចោទ​ប្រកាន់ថា រុស្ស៊ី​បានលូកដៃចូល​ក្នុងកិច្ចការបោះឆ្នោត​អាមេរិក កាលពីឆ្នាំ២០១៦នោះ កំពុងព្យាយាម​ធ្វើយ៉ាង​ណា​អាចសួរ​ចម្លើយប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ ជុំវិញការបង្ក​ឧបសគ្គដល់ការ​ស្វែងរក​យុត្តិធម៌។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។

យោងតាម CNN លោក Robert Mueller បានកាត់បន្ថយ​ចំនួនសំណួរ​ពាក់ព័ន្ធ​នឹងការបង្កឧបសគ្គ​ដល់ការស្វែងរក​យុត្តិធម៌ ដែលក្រុមអ្នក​ស៊ើបអង្កេតចង់សួរ​ទៅកាន់លោក ដូណាល់ ត្រាំ។ ប៉ុន្តលើក​នេះ​លោក Mueller ត្រូវបានគេ​រាយការណ៍ថា ចង់សួរចម្លើយ​លោក ត្រាំ ដោយផ្ទាល់​មិនមែនត្រឹមតែ​សរសេរជាលាយ​លក្ខ​អក្សរ ដូចលើកមុនៗ​នោះទេ។

ប៉ុន្តែ​ខាងសេតវិមាន​មិនទាន់អត្ថាធិប្បាយ​លម្អិត ទាក់ទិននឹងសេចក្ដីរាយការណ៍នេះ​នៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ នៅថ្ងៃពុធ​សប្ដាហ៍នេះ​បានស្នើឱ្យរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ចេហ្វ សេសសិនស៍ (Jeff Sessions) បញ្ចប់ការស៊ើប​អង្កេតរបស់​​លោក Mueller។ លោក Mueller បានចាប់ផ្ដើម​ស៊ើបអង្កេតកាលពី​ខែឧសភា ឆ្នាំ២០១៧ ហើយលោក​បានចោទប្រកាន់​មនុស្ស ៣២នាក់ ឬទទួល ចម្លើយសារភាព​ពីមនុស្ស ៣២នាក់ ក្នុងនោះរួមមាន​ទំាងមនុស្សជំនិត​ជាច្រើននាក់របស់​លោក ដូណាល់ ត្រាំ ផងដែរ៕