(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃចន្ទនេះ បានប្រារព្ធខួបឆ្នាំទី ៧៣ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពីសំណាក់កងទ័ពអាមេរិកលើទីក្រុងហ៊ីរូស៊ីម៉ា (Hiroshima) ជាមួយការព្រមានរបស់អភិបាលក្រុងមួយនេះ ពីការកើនឡើងគំនិតជាតិនិយម ដែលអាចនឹងបំផ្លាញដល់សន្តិភាពពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ផ្ទៃមេឃពីលើស្តូបសន្តិភាព ក្នុងទីក្រុងហីរូស៊ីម៉ានៅថ្ងៃចន្ទនេះ ហាក់មានភាពស្រឡះដូចគ្នាទៅនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ជាពេលដែលយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-29 មួយគ្រឿងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទីមួយ នៅលើពិភពលោកលើទីក្រុង កំពុងផែមួយនេះដោយផ្ដាច់ជីវិតប្រជាជនជប៉ុន ១៤០,០០០នាក់។ ដោយឡែក នាឱកាសប្រារព្ធខួបដ៏មហាសោកសៅនេះ អភិបាលក្រុងហ៊ីរូស៊ីម៉ា លោក កាស៊ូមិ ម៉ាត់ស៊ូអ៊ិ (Kazumi Matsui) បានថ្លែងសារប្រចាំឆ្នាំរបស់លោក ជាមួយការអំពាវនាវឱ្យមានការលុបបំបាត់អាវុធ នុយក្លេអ៊ែរ ក៏ដូចជាព្រមានពីការកើនឡើងនៃគំនិតជាតិនិយម ដែលនឹងផ្លាញដល់សន្តិភាពពិភពលោក។
ម្យ៉ាងវិញទៀត បើទោះជាមិនបានបញ្ជាក់ឈ្មោះចំៗថា ប្រជាជាតិមួយណាកំពុងប្រកាន់គំនិតជាតិនិយមក៏ដោយ ប៉ុន្តែអំពាវនាវរបស់លោក Matsui កើតមានឡើងនៅចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាបង្កើនឃ្លាំអាវុធនុយក្លេអ៊ែរ និងប្រកាសដំឡើងពន្ធលើផលិតនាំចូលមកពីប្រទេសជាច្រើន ក្នុងនោះរួមមានទាំងជប៉ុនផងដែរ។
គួររំលឹកជូនថា ជប៉ុន បានទទួលរងការឈឺចាប់ ដោយសារតែការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកចំនួន ២ លើក នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី ២។ លើកទីមួយគឺនៅថ្ងៃទី០៦ ខែសីហា ខែឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើក្រុងហ៊ីរ៉ូស៊ីម៉ា ដោយសម្លាប់ប្រជាជនជប៉ុនជាង ១៤០,០០០នាក់ ហើយបីថ្ងៃមកទៀតគ្រាប់បែកនុយក្លេ អ៊ែរទី ២ ត្រូវកងទ័ពអាមេរិកសំពងលើទីក្រុងណាហ្កាសាគី (Nagasaki) ផ្ដាច់ជីវិតមនុស្ស ៧៤,០០០នាក់៕