(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃចន្ទនេះបានអំពាវនាវយ៉ាងទទូចឱ្យសហរដ្ឋអាមេរិក ទម្លាក់ចោលការដាក់ទណ្ឌកម្ម ដោយខ្លួនបានអះអាងថា ទីក្រុងព្យុងយ៉ាងបានបង្ហាញពីចេតនាល្អៗរួចទៅហើយ ក្នុងបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងប្រគល់អដ្ឋិធាតុកងទ័ពអាមេរិកជាច្រើននាក់ ដែលបានស្លាប់ក្នុងអំឡុងសង្រ្គាមកូរ៉េទៅហើយដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨។
ការអំពាវនាវរបស់ Rodong Sinmun ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរបាយការណ៍អង្គការសហប្រជាជាតិមួយបានអះអាងថា កូរ៉េខាងជើង មិនបានបញ្ឈប់ការអភិវឌ្ឍកម្មវិធី និងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយ។ ប៉ុន្តែទន្ទឹមគ្នានឹងការអំពាវនាវនោះ សារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ ក៏បានចោទប្រកាន់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើសកម្មភាពប្រឆាំងនឹងផែនការធ្វើ ឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ បើទោះជាទីក្រុងព្យុងយ៉ាង បានបង្ហាញចេតនាល្អ ក្នុងនោះរួមមានទំាងការបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល ក៏ដូចជាប្រគល់អដ្ឋិធាតុកងទ័ពអាមេរិកជាច្រើននាក់ ដែលបានស្លាប់ក្នុង អំឡុងសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ឱ្យសហរដ្ឋអាមេរិកវិញក៏ដោយ។
គួរបញ្ជាក់ថា នាឱកាសចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានជម្រុញឱ្យសហគន៍អន្តរជាតិបន្តរក្សាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធប្រឆាំងនឹងទីក្រុងព្យុងយ៉ាង រហូតដល់មានការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ៕