(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានសន្យាថានឹងបង្ហាញភស្ដុតាងដែលបញ្ជាក់ថារដ្ឋាភិបាល កូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតរូបលោក កាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងវីដេអូមួយបង្ហោះនៅលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ម៉ាឌូរ៉ូ បានអះអាងថាប៉ូលិសវេណេស៊ុយឡា បានចាប់ខ្លួន អ្នកពាក់ព័ន្ធទាំងអស់នឹងសកម្មភាពប៉ុនប៉ងសម្លាប់រូបលោក ដោយការវាយប្រហារតាមយន្ដហោះដ្រូន ក្នុងនោះមានទាំងអ្នករៀបចំ ផែនការវាយប្រហារផងដែរ។ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់ដូច្នេះថា៖« យើងមានភស្ដុតាងគ្រប់គ្រាន់ថាប្រធានាធិបតីកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស មានជាប់ពាក់ព័ន្ធនឹងសកម្មភាពវាយប្រហារនេះ ...ហើយយើងនឹងបញ្ចេញភស្ដុតាងទាំងនេះ នៅប៉ុន្មានខាងមុខទៀតនេះ»។
គួរបញ្ជាក់ថា បើតាមក្រសួងមហាផ្ទៃវេណេស៊ុយអេឡា មនុស្ស០៦នាក់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យថាមានជាប់ទាក់ទិននឹង សកម្មភាពប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ កាលពីថ្ងៃអាទិត្យ ក្នុងរដ្ឋធានីការ៉ាកាស់។ ប៉ុន្តែ មកទល់នឹងពេលនេះពុំទាន់មានព័ត៌មាន លម្អិតអ្វីនោះទេ ខណៈលោក សាន់តូស បានច្រានចោលការចោទប្រកាន់របស់លោក ម៉ាឌូរ៉ូ៕