(កូឡ៊ុប៊ី)៖ អតីតមេបញ្ជាការប៉ូលិសក្រុងមួយរបស់វេណេស៊ុយអេឡា និងជាសកម្មជនប្រឆាំងរដ្ឋាភិបាលម្នាក់បាននិយាយថា លោកបានជួយរៀបចំប្រតិបត្តិការវាយប្រហារដោយយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះ នៅអំឡុងព្យុហយាត្រាយោធាក្នុងទីក្រុងការ៉ាកាស់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ទៅ ដែលលោក នីកូឡាស់ ម៉ាឌូរ៉ូ ហៅថាជាការប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងបទសម្ភាសន៍ជាមួយ Reuters លោក សាល់វ៉ាតូរ៉េ ឡាក់ឈែស (Salvatore Lucchese) ជាសកម្មជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ និងកំពុងរស់នៅក្នុងប្រទេសកូឡុំប៊ីបានអះអាងថា លោកគឺជាអ្នករៀបចំការវាយប្រហារប្រឆាំងនឹងលោក ម៉ាឌូរ៉ូ ដោយមានជំនួយពីក្រុមប្រឆាំង រដ្ឋាភិបាលមួយមានឈ្មោះ «resistance» ឬ «ចលនាតស៊ូ» ដែលប្រមូលផ្ដុំទៅដោយក្រុមនិស្សិត អតីតមន្ត្រីយោធា និងសកម្មជន រៀបចំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងការ៉ាកាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តែទោះជាយ៉ាងណាក៏ដោយ លោក Lucchese មិនបានបញ្ជាក់លម្អិតពីតួនាទីរបស់លោក និងពីអ្នកពាក់ព័ន្ធដទៃទៀតនោះទេ ដើម្បីការពារអត្តសញ្ញាណរបស់អ្នកទាំងនេះ រីខាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏មិនទាន់បញ្ចេញប្រតិកម្មអ្វីនោះដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងថា លោកមានភស្ដុតាងដែលអាចបញ្ជាក់ថា រដ្ឋាភិបាលកូឡុំប៊ីមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតរូបលោក ហើយសន្យាថា នឹងបញ្ចេញភស្តុតាងទាំងនេះក្នុងពេលឆាប់ៗនេះ។ លោក ម៉ាឌូរ៉ូ ថ្លែងបែបនេះកាលពីថ្ងៃអង្គារ នៅលើ Twitter ក្រោយប៉ូលិសវេណេស៊ុយអេឡាចាប់បានជនសង្ស័យ ០៦នាក់៕