(កាណាដា)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលកាណាដាបានឱ្យដឹងថា កាណាដាមានផែនការស្នើសុំឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម អង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក ជួយផ្សះផ្សាជម្លោះការទូតបច្ចុប្បន្ន ជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ ព្រមពេលជាមួយគ្នាទីក្រុងវ៉ាស៊ីនតោនបានប្រាប់ជាមុនថា ខ្លួននឹងមិនលូកដៃក្នុងជម្លោះនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យកន្លងទៅ បានបណ្ដេញអគ្គរដ្ឋទូតកាណាដា ចេញពីប្រទេស ក៏ដូចជាផ្អាកជើងហោះហើរ ការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗរវាងប្រទេសទាំងពីរផងដែរដោយចោទថា កំពុងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាលទីក្រុងអូតតាវ៉ា ថ្កោលទោសការរំលោភសិទ្ធិមនុស្ស ជាពិសេសសិទ្ធិស្ត្រីនៅអារ៉ាប៊ីសាអូឌីត។
លើសពីនេះទៅទៀត ជម្លោះនេះមិនបានធូរស្រាលទេ ក្រោយក្រសួងការបរទេសកាណាដាបានបញ្ជាក់ថា នឹងមិនផ្លាស់គោលជំហរ របស់ខ្លួនឡើយ ពោលគឺនៅតែបន្តគាស់រំលើងការរំលោភសិទ្ធិមនុស្ស និងសិទ្ធិស្ត្រីនៅអារ៉ាប៊ីសាអូឌីត ឬមិនថានៅទីណានោះទេ។ តែយ៉ាងនេះក្ដី ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីមិនបញ្ចេញឈ្មោះ ពីមន្ត្រីកាណាដាជាច្រើននាក់បានឱ្យដឹងថា រដ្ឋាភិបាលកាណាដានឹងស្នើសុំឱ្យប្រទេស អេមីរ៉ាតអារ៉ាប់រួម អង់គ្លេស ព្រមទាំងសហរដ្ឋអាមេរិក ជួយផ្សះផ្សាជម្លោះការទូតបច្ចុប្បន្នជាមួយអារ៉ាប៊ីសាអូឌីត។ «គន្លឹះដ៏សំខាន់គឺធ្វើការជាមួយសម្ព័ន្ធមិត្ត និងមិត្តនៅក្នុងតំបន់ឱ្យជួយបន្ធូរបន្ថយជម្លោះនេះដែល អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ»។ នេះបើតាមប្រភពខាងលើដដែល។
គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដាមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះទេ ខណៈសហរដ្ឋអាមេរិកតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Heather Nauert អះអាងរួចជាស្រេចថា ទីក្រុងវ៉ាស៊ីនតោននឹងមិនលូកដៃចូលក្នុងជម្លោះ នេះឡើយ ដោយទុកឱ្យភាគីទាំងពីរដោះស្រាយជម្លោះដោយខ្លួនឯងទៅចុះ៕