(ចិន)៖ បើតាមរដ្ឋបាលធានារ៉ាប់រង ផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា កិច្ចខិតខំប្រឹងប្រែងក្នុងការទម្លាក់តម្លៃថ្នាំព្យាបាលជំងឺមហារីក បានដំណើរការយ៉ាងរលូន នាខែកក្កដាកន្លងទៅនេះ។
រដ្ឋាភិបាលចិន បានធ្វើការលើការបញ្ចូលថ្នាំព្យាបាល ដុំសាច់មហារីកបន្ថែមទៀត ទៅក្នុងបញ្ជីផ្តល់សំណងធានារ៉ាប់រងវេជ្ចសាស្ត្ររបស់ប្រទេស។ បញ្ជីនេះ មានរួមបញ្ចូលថ្នាំព្យាបាលមហារីកភាគច្រើនរួចមកហើយ។
បើយោងតាម តម្រូវការរបស់រដ្ឋបាលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រជាតិចិន រដ្ឋាភិបាលថ្នាក់ខេត្តគួរតែធ្វើការលើការទម្លាក់តម្លៃ នៃថ្នាំព្យាបាលដែលបានរួមបញ្ចូលនៅក្នុងបញ្ជីនេះ។
រដ្ឋាភិបាលចិន ក៏កំពុងធ្វើការដើម្បីសម្រេចឱ្យបាននូវការទម្លាក់តម្លៃសម្រាប់អ្នកជំងឺមហារីក ដោយកែសម្រួលពន្ធនាំចូលថ្នាំទាំងនេះ។ សហគ្រាសផលិតឱសថចំនួន១២ក្រុមហ៊ុន ដែលបានចូលរួមក្នុងការចរចានេះ កំពុងធ្វើការគិតគូរតម្លៃផលិតផលរបស់ពួកគេឡើងវិញ។
បើតាមការឲ្យដឹងពីរដ្ឋបាលធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ក្រុមហ៊ុនទាំងឡាយត្រូវបានជំរុញឲ្យបញ្ជូលតារាងកែសម្រួលតម្លៃឱសថរបស់ពួកគេ មកកាន់មន្ទីរដេញថ្លៃថ្នាក់ខេត្ត ដើម្បីបញ្ចុះតម្លៃចុងក្រោយនៃថ្នាំប្រឆាំងនឹងជំងឺមហារីកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បន្ថែមពីនេះទៅទៀត រដ្ឋបាលដដែលក៏បានកំណត់រួចរាល់ហើយដែរ ថាថ្នាំណាខ្លះដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីថ្នាំដែលមានដាក់លក់ បន្ទាប់ពីអ្នកជំនាញបានពិនិត្យជ្រើសរើស និងបោះឆ្នោតសម្រេច។ គេរំពឹងថា ការចរចានឹងត្រូវបញ្ចប់នៅចុងខែកញ្ញានេះ។
កាលពីខែមេសា កន្លងទៅនេះ ក្រសួងហិរញ្ញវត្ថុចិន បានប្រកាសថា ថ្នាំចំនួន២៨ប្រភេទ រួមបញ្ចូលទាំងថ្នាំមហារីកទាំងអស់ នឹងត្រូវលើកលែងពន្ធនាំចូលចាប់ពីថ្ងៃទី១ ខែឧសភា តទៅ។
តាំងពីឆ្នាំ២០១៦មក រដ្ឋាភិបាលចិននិងក្រុមហ៊ុនផលិតឱសថជាច្រើន បានព្រមព្រៀងគ្នា អំពីតម្លៃឱសថចំនួន ៣៩ប្រភេទ ដែលរួមបញ្ចូលទាំងថ្នាំព្យាបាលជំងឺមហារីកចំនួន ១៧ប្រភេទផងដែរ ដែលមាននៅក្នុងបញ្ជីធានារ៉ាប់រងវេជ្ជសាស្ត្រ។ ថ្នាំទាំងនេះ ត្រូវបានបញ្ចុះតម្លៃជាង៥០%ជាមធ្យម៕ (សារព័ត៌មាន CCTV របស់ចិន)