(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវបានប្រកាសថា ខ្លួននឹងចុះធ្វើការត្រួតពិនិត្យលើស្តង់ដាសុវត្ថិភាព ក្នុងដំណើរការសាងសង់ទំនប់វារីអគ្គិសនីនៅទូទាំងប្រទេស ក្រោយកើតមានគ្រោះមហន្តរាយបាក់ទំនប់នៅខេត្តអាត់តាពើ ភាគខាងត្បូង ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
បន្ទាប់ពីបើកកិច្ចប្រជុំវិសមញ្ញរយៈពេល ០២ថ្ងៃ ដែលទើបបញ្ចប់ទៅកាលពីម្សិលមិញ រដ្ឋាភិបាលឡាវ បានព្រមព្រៀងអនុវត្តន៍ផែនការចុះត្រួតពិនិត្យទៅលើរាល់ទំនប់ទាំងអស់ ដោយរួមបញ្ចូលទាំងទំនប់សាងសង់ហើយ និងមិនទាន់ហើយរួចរាល់។ ជាមួយគ្នានេះផងដែរ រដ្ឋាភិបាលឡាវ ក៏បានសម្រេចផ្អាកធ្វើការពិចារណាវិនិយោគទៅលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីថ្មីៗទៀតថែមទៀត ដើម្បីទុកពេលសម្រាប់ធ្វើការគិតគូរឡើងវិញ ចំពោះគម្រោងក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី។
ក្រៅពីនេះរដ្ឋាភិបាលឡាវ ក៏បានឯកភាពបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីដឹកនាំការស៊ើបអង្កេតទៅលើមូលហេតុនៃការបាក់ច្រកទំនប់ Xe Pian Xe Namnoy នៅអាត់តាពើ ដែលស្ថិតនៅចម្ងាយ ៥៦០គីឡូម៉ែត្រ ភាគអាគ្នេយ៍រដ្ឋធានីវៀងច័ន្ទផងដែរ។
គួរជម្រាបថា ការបាក់ទំនប់វារីអគ្គិសនីខាងលើកាលពីថ្ងៃទី២៣ ខែកក្កដា បានធ្វើឲ្យជន់លិចភូមិចំនួន ១៣កន្លែង ក្នុងស្រុក Sanamxay និងបានបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងបាត់ខ្លួនហើយជាង ៦,០០០នាក់ ទៀតបាតបង់ទីជ្រកកោណ៕