(សេអ៊ូល)៖ កូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងនៅថ្ងៃពុធនេះថា កំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាថ្មី និងបំផ្លាញបរិយាកាសសន្តិភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ ដោយសំអាងលើជំនួបយោធានាពេលថ្មីៗនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានចាត់ទុកថា ជំនួបយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងផែន ការកំណែទម្រង់យោធាកូរ៉េខាងត្បូង គឺជាចេតនាបង្កឱ្យមានការប្រឈមមុខដាក់គ្នាឡើងវិញ។ Rodong Sinmun បានលើកឡើងនៅក្នុងបទអត្ថាប្បាយរបស់ខ្លួនយ៉ាងដូច្នេះថា «វាគឺជាការបង្ករឿងដាក់បងប្អូនខ្លួនឯង (កូរ៉េខាងជើង) ដែលកំពុងបង្កើនកិច្ចខិតខំប្រឹង ប្រែងដើម្បីសន្តិភាព និងបន្ធូរបន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អនុឡោមតាមសេចក្ដីថ្លែងការណ៍រួម Panmunjom... ដូច្នេះរាល់ការបំផ្លាញ ឬគំរាមកំហែដល់សន្តិភាព នឹងមិនត្រួវអត់ឱនឱ្យជាដាច់ខាត»។
គួរជម្រាបថា នៅក្នុងជំនួបយោធាលើកទី១៤ កាលពីចុងខែកក្កដាកន្លងទៅ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមព្រៀងគ្នាថា នឹងបន្តក៏ដូចជាពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង រហូតដល់ទីក្រុងព្យុងយ៉ាងចាត់វិធានការជាក់លាក់គួរឱ្យទុកចិត្ត ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ៕