(តេហេរ៉ង់)៖ កងទ័ពជើងទឹកនៃ​ប្រទេសអ៊ីរ៉ង់ បានលួចធ្វើតេស្ត​មីស៊ីលផ្លោង ក្នុងពេលធ្វើសមយុទ្ធ​យោធា នៅ​​ច្រក​សមុទ្រយុទ្ធសាស្រ្ត​​ Hormuz កាលពីសប្តាហ៍មុន។ នេះបើតាម​សេចក្តីរាយការណ៍របស់​ប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក ដកស្រង់ខ្លឹមសារ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

ដោយផ្អែកលើ​ប្រភពពី​ផ្កាយរណប​ស៊ើបការណ៍ និងមន្រ្តីរដ្ឋាភិបាល​​ក្រុង​វ៉ាស៊ីនតោន សារព័ត៌មាន Fox News ​​បានចុះ​ផ្សាយថា កង​ទ័ព​អ៊ីរ៉ង់​បានធ្វើតេស្ត​បាញ់មីស៊ីលផ្លោង​ប្រភេទ Fateh-110 Mod 3 នៅអំឡុងការធ្វើសមយុទ្ធយោធា​ជើងទឹកទ្រង់ទ្រាយ​ធំ ដែលជា​ការហាត់​សមដើម្បី​បិទច្រក​សមុទ្រ​ Hormuz។

គួរជម្រាបថា បើព័ត៌មានខាង​លើជាការពិតមែន​នោះ វាទំនងជាលើក​ទីមួយហើយ ដែលទីក្រុងតេហេរ៉ង់​​បានធ្វើតេស្ត​មីស៊ីល នៅក្នុង​​ឆ្នាំ​២០១៨នេះ។ ជុំវិញ​សេចក្តី​រាយការណ៍​នេះដែរ មន្ទីរបញ្ចកោណ​អាមេរិក​បានបញ្ជាក់ថា ខ្លួនដឹងអំពីការ​ធ្វើសមយុទ្ធយោធា​របស់អ៊ីរ៉ង់​ តែ​ពុំបាន​បកស្រាយពាក់ព័ន្ធនឹងការធ្វើតេស្ត​សព្វាវុធនេះ​ឡើយ៕