(សេអ៊ូល)៖ កូរ៉េខាងត្បង និងកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងទីក្រុងព្យុងយ៉ាង នៅខែកញ្ញាមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅសៀល ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ការព្រមព្រៀងគ្នានេះ ធ្វើឡើងនៅអំឡុងកិច្ចប្រជុំកម្រិតខ្ពស់មួយរវាងមន្ត្រីជាន់កូរ៉េទាំងពីរនៅឯភូមិ Panmunjom ប៉ែកទឹកដី
កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ។ ប៉ុន្តែភាគីទាំងពីរ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេកជាក់លាក់នៅឡើយទេ ដោយគ្រាន់តែឱ្យដឹងយ៉ាងខ្លី ថាភាគីទាំងពីរបានឯកភាពគ្នាថានឹងរៀបចំកិច្ចប្រជុំកំពូលរវាងមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងទីក្រុងព្យុងយ៉ាង នៅខែកញ្ញា ខាងមុខនេះ។
គួរបញ្ជាក់ថា បើសិនជាកិច្ចប្រជុំកំពូលនេះកើតឡើងមែន នោះវានឹងក្លាយកិច្ចប្រជុំកំពូលលើកទី០៣ រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន បន្ទាប់ពីជំនួបមួយទល់នឹងមួយកាលពីខែមេសា និងខែឧសភា កន្លងទៅ៕