(អាហ្វ្រិក)៖ ប្រធានការិយាល័យបោះឆ្នោតម្នាក់ បានបាត់បង់ជីវិត ក្រោយស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធ នៅភាគខាងជើងប្រទេសម៉ាលី នៅចំពោះមុខបញ្ហាផ្នែកសន្តិសុខ ដែលបានបង្កការរំខានយ៉ាងខ្លាំងដល់ដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំចុងក្រោយ កាលពីម្សិលមិញ នៅក្នុងប្រជាជាតិអាហ្រិកមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ការរឹងបន្តឹងសន្តិសុខយ៉ាងរឹងមាំត្រូវបានធ្វើឡើង នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម៉ាលីជុំទីពី ដែលជាជុំចុងក្រោយ រវាងមេដឹកនាំបច្ចុប្បន្នលោក អ៊ីប្រាហ៊ីម ប៊ូបាខា គីតា (Ibrahim Boubacar Keita) និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក ស៊ូម៉ៃឡា ស៊ីសសេ (Soumaila Cisse)។ ប៉ុន្តែតាមការឲ្យដឹងពីក្រុមសង្កេតការណ៍ក្នុងតំបន់ ការិយាល័យបោះឆ្នោតជាង១០០កន្លែង បានបង្ខំបិទទ្វានៅតាមតំបន់ភាគកណ្តាលនិងភាគខាងជើងប្រទេស។ ខណៈពេលនេះ ការរាប់សន្លឹកឆ្នោតដើម្បីរកអ្នកទទួលជ័យជម្នះ កំពុងតែប្រព្រឹត្តទៅ។
គួរជម្រាបថា នាអំឡុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២៩ ខែកក្កដា ក៏មានករណីអំពើហិង្សានិងការគំរាមកំហែង ពីក្រុមឧទ្ទាមប្រដាប់អាវុធ ដែលបានបណ្តាលឲ្យការិយាល័យបោះឆ្នោតរាប់រយកន្លែង ត្រូវបានបិទផងដែរ ប៉ុន្តែពុំមានមនុស្សស្លាប់ឡើយ ដោយមកដល់ជុំចុងក្រោយកាលពីម្សិលមិញនេះ គឺបេក្ខឈរឈ្មោះត្រូវបានបន្ថយពី២៤នាក់មកត្រឹមតែ០២នាក់។
ប្រទេសម៉ាលី គឺជាប្រជាជាតិមិនមានព្រំដែនជាប់សមុទ្រមួយ នៅតំបន់អាហ្វ្រិកខាងលិច ដែលមាន ក្រុមជនជាតិភាគតិចរស់នៅចម្រុះយ៉ាងតិច២០ក្រុម និងភាគច្រើនជាជនទីទាល់ក្រហើយបាននិងកំពុងតែប្រឈមមុខជាមួយអំពើហិង្សានិងវាយប្រហារឥតស្រាកស្រាន្តពីក្រុមសកម្មប្រយុទ្ធ ព្រមទាំងជម្លោះរវាងសហគមន៍៕