(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញបញ្ជាឲ្យដកតំណែងមន្រ្តីយោធាចំនួន២០រូប ក្នុងនោះរួមមានទាំងបុគ្គលឋានៈឧត្តមសេនីយ៍ឯក និង វរសេនីយ៍ឯកផងដែរ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធជាមួយអំពើលួចបន្លំនិងពុករលួយ ក្នុងការទិញសម្ភារៈផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តសម្រាប់វិស័យយោធា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨។
ដំណឹងខាងលើត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរបស់លោក ឌូតឺតេ ផ្ទាល់ ហើយវាគឺជាវិធានការក្តៅគគុកចុងក្រោយបំផុតមួយរបស់លោកប្រធានាធិបតីហ្វីលីពីនជើងខ្លាំងរូបនេះ នៅក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ មន្រ្តីដែលត្រូវសម្រេចដកមុខតំណែងខាងលើ បានរងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងករណីចំនួន១៧ផ្សេងគ្នា ស្តីពីការទិញបរិក្ខាផ្គត់ផ្គង់ក៏ដូចជាថ្នាំពេទ្យ ក្នុងតម្លៃបំប៉ោងលើសពីតម្លៃដើម។ បើតាមលោក ហារី រ៉ូគូ (Harry Roque) ដែលជាអ្នកនាំពាក្យ លោក ឌូតឺតេ មានការខឹងសម្បារជាខ្លាំងពេលដឹងថាមានអំពើគួរឲ្យស្អប់ខ្ពើមនេះកើតឡើង ហើយបង្គាប់ឲ្យទម្លាក់ថវិកាជិត០១លានដុល្លារ ដើម្បីជួយមន្ទីរពេទ្យធំរបស់យោធា ដែលករណីពុករលួយទាំងអស់នេះ បានកើតមានឡើង។
គួរជម្រាបថា នាពេលកន្លងទៅនេះ នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់លោក លោក ឌូតឺតេ បានដកហូតតំណែងមន្រ្តីជាច្រើនរូបមកហើយ ដោយក្នុងនោះក៏រួមមានទាំងមន្រ្តីដែលរូបលោក បានតែងតាំងផ្ទាល់ផងដែរ៕