(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា ៧១៦ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់ក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
សេចក្ដីព្រាងច្បាប់ខាងលើដែលបានក្លាយជាច្បាប់ តាមរយៈការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវបានក្រុមអ្នកតំណាងរាស្ត្រអាមេរិកមួយចំនួនចង់ប្រើប្រាស់វា ដើម្បីដាក់ទណ្ឌកម្មលើក្រុមហ៊ុន ZTE ជាការពិន័យដោយចោទថា ក្រុមហ៊ុនចិនមួយនេះបានលួចលាក់លក់ផលិតផលរបស់ខ្លួនដោយខុសច្បាប់ ឱ្យកូរ៉េខាងជើង និងអ៊ីរ៉ង់។
ម្យ៉ាងវិញទៀត សូម្បីតែមេដឹកនាំទីភ្នាក់ងារស៊ើបការសំងាត់អាមេរិក ក៏បានអះអាងដែរថា ពួកគេមានការព្រួយបារម្ភជាខ្លាំងខ្លាចក្រែងក្រុមហ៊ុន ZTE និងក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនចិនមួយចំនួនទៀត លួចស៊ើបការណ៍ ឬផ្ដល់ព័ត៌មានសំងាត់ទាក់ទិននឹងបច្ចេកវិទ្យាអាមេរិក ឱ្យរដ្ឋាភិបាល និងគណបក្សកុម្មុយនីស្ដទីក្រុងប៉េកាំង។
គួរបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីកញ្ចប់ថវិកាយោធា ឬគេស្គាល់ថា NDAA ក៏នឹងអនុញាតឱ្យក្រសួងការពារជាតិអាមេរិកចំណាយប្រាក់ ៧.៦ពាន់លានដុល្លារ ដើម្បីទិញយន្ដហោះចម្បាំង F-35 ចំនួន ៧៧គ្រឿងពីក្រុមហ៊ុន Lockheed Martin។ មិនតែណ្ណោះច្បាប់នេះ ក៏តម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិកសិក្សាផងដែរថា តើការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីពីសំណាក់ប្រទេសតួកគី អាចនឹងផ្ដល់ផលប៉ះពាល់ដល់សន្តិសុខជាតិ អាមេរិកដែរ ឬក៏យ៉ាងណា៕