(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់បានកើនដល់៣៥នាក់ហើយ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បាក់ស្ពានមួយ កន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៉ីតាលី បានហៅគ្រោះថ្នាក់នេះថា ជាសោកនាដកម្មមួយ ខណៈរថយន្ដជាច្រើនគ្រឿងកំពុងជាប់នៅក្រោមគំនរស្ពានបាក់បែក។ ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងនៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦៕