(ការ៉ាកាស់)៖ ឧត្ដមសេនីយ៍វេណេស៊ុយអេឡាម្នាក់ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាត លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមអគ្គរដ្ឋអាជ្ញាវេណស៊យអេឡា ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

យោងតាមអគ្គរដ្ឋអាជ្ញា លោក តារ៉េក វីលៀម សាអាប់ (Tarek William Saab) ឧត្តមសេនីយ៍មកពីឆ្មំាការពារជាតិ វេណេស៊ុយអេឡា លោក អាឡិចហាន់ដ្រូ ប៉េរ៉េស ហ្គូម៉េស (Alejandro Perez Gomez) បានបង្ហាញខ្លួនកាលពីថ្ងៃចន្ទ នៅចំពោះ មុខចៅក្រមជាមួយអ្នកនយោបាយប្រឆាំង លោក ហ័ន រេគិនសិន (Juan Requesens) និងមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ទៀតគឺ លោកប៉េត្រូ ហាវីយ៉េ ហ្សំាប្រាណូ (Pedro Javier Zambrano)។ លោក សាអាប់ (Saab) បានបញ្ជាក់បន្ថែមនៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃអង្គារសប្ដាហ៍នេះថា បច្ចុប្បន្នមានមនុស្ស១៤នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទមានជាប់ពាក់ព័ន្ធនឹង ការប៉ុនប៉ងធ្វើឃាតលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងការ៉ាកាស់ កាលពីថ្ងៃទី០៤ ខែសីហា។

គួរបញ្ជាក់ថា បើតាមលោក សាអាប់ (Saab) មនុស្សជាច្រើននាក់ទៀតអាចនឹងត្រូវចាប់ខ្លួន ខណៈលោក ម៉ាឌូរ៉ូចោទថារដ្ឋាភិបាល កូឡុំប៊ី និងបណ្ដាញភេរវកម្មមួយមានមូលដ្ឋាននៅរដ្ឋផ្ល័រីដា សហរដ្ឋអាមេរិកដឹកនាំដោយបុរសម្នាក់ឈ្មោះ អូសា្មន ឌែលហ្កាដូ តាបូស្គី (Osman Delgado Tabosky) គឺជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោកមិនបានសម្រេច៕