(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយនៅក្នុងសុន្ទរកថារិះគន់ដ៏កម្រមួយ លើរដ្ឋាភិបាលចិនថា លោកចង់ឱ្យទីក្រុងប៉េកាំង ពិចារណាឡើងវិញពីសកម្មភាពរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង បើមិនចង់ឃើញប្រទេសដទៃ រត់រកសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

លោក ឌូតឺតេ ធ្វើ​ការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ និងនៅក្នុងបរិបទដែលគេមើញឃើញថាលោកមាន ទំនោរងាកទៅរកចិន តែប្រឆាំងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ថ្លែងនាឱកាសនោះ លោក ឌូតឺតេ ក៏បានបញ្ជាក់ដែរថា ចិនកំពុងយល់ខុស ដែលថាតំបន់សមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន។ «អ្នក (ចិន) មិនអាចបង្កើតកោះមួយបាននោះទេ... អ្នកនិយាយថាដែនអាកាសនៅពីលើតំបន់កោះសម្បនិម្មិតគឺជារបស់អ្នក ប៉ុន្តែអ្នកយល់ខុសហើយ ដ្បិតដែនទឹកមួយនេះគឺជាដែន សមុទ្រអន្តរជាតិ ហើយអ្នកក៏គ្មានសិទ្ធិហាមមិនឱ្យនរណាម្នាក់ធ្វើដំណើរឆ្លងកាត់នោះដែរ»។ នេះគឺជាការលើកឡើងរបស់លោក ឌូតឺតេ។

គួរបញ្ជាក់ថា បើតាមលោក ឌូតឺតេ ចិនគួរតែផ្លាស់ប្ដូរអាក្បកិរិយាបច្ចុប្បន្ន និងបញ្ឈប់ការដាក់កំហិតលើការធ្វើនាវាចរណ៍នៅក្នុង តំបន់ជម្លោះ ព្រោះថាការធ្វើបែបនេះនឹងបង្កទៅជាការប្រឈមមុខដាក់គ្នា ក៏ដូចជាជម្រុញឱ្យបណ្ដាប្រទេសដទៃចុះសិន្ធិសញ្ញា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងប៉េកាំង មិនទាន់មានប្រតិកម្មនឹងការលើក ឡើងនេះទេ៕