(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីល ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការស៊ើបអង្កេតមួយលើក្រុមហ៊ុន Google ជុំវិញការ ចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានរំលោភលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដៃចល័តរបស់ខ្លួន។ នេះបើតាម Valor Economico ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មាន Valor Economico អាជ្ញាធរប្រេស៊ីលប្រយុទ្ធប្រឆាំងនឹងការំលោភទំនុកចិត្ត ឬហៅ Cade អាចនឹងធ្វើការ សម្រេចចិត្តជាផ្លូវការថាគួរតែ ឬមិនគួរបើកការស៊ើបអង្កេតលើក្រុមហ៊ុន Google អាស្រ័យលើលទ្ធផលនៃការវាយតម្លៃដែលកំពុង ធ្វើឡើង។
គួរបញ្ជាក់ថា ការចេញផ្សាយសេចក្ដីរាយការណ៍ខាងលើ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេច ចិត្តពិន័យក្រុមហ៊ុន Google ជាប្រាក់៤.៩១ពាន់លានដុល្លារ ក៏ដូចជាបញ្ជាឱ្យក្រុមហ៊ុនអាមេរិកមួយនេះបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការទូរស័ព្ទ Android ដើម្បីប្លុកគូប្រជែងរបស់ខ្លួនផងដែរ៕