(ប៊ែរឡាំង)៖ ប្រធានាធិបតីតួកគី លោក តាយយ៉ីប អឺដូហ្កាន់ និងអធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានពិភាក្សា គ្នាតាមទូរស័ព្ទនៅថ្ងៃពុធសប្ដាហ៍នេះ ពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងស្ថានភាពនៅក្នុងប្រទេស ស៊ីរី នាពេលបច្ចុប្បន្ន។ នេះបើតាមអ្នកនាំពាក្យលោកស្រីមឺគែល ដកស្រង់ដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
យោងតាមអ្នកនាំពាក្យរូបនេះដដែល មេដឹកនាំនៃប្រទេសទាំងពីរ បានប្ដេជ្ញាចិត្តថានឹងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការ ទំនាក់ទំនងនិងផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក។ លើសពីនេះទៅទៀត នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំង ពីរក៏បានពិភាក្សាគ្នាផងដែរស្ដីពីការរៀបចំដំណើរទស្សនកិច្ចរបស់លោក អឺដូហ្កាន់ មកកាន់ប្រទេសអាល្លឺម៉ង់ដែលគ្រោងនឹងប្រពឹ្រត្ត ទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ។
សូមជម្រាបថា លោក អឺដូហ្កាន់ បានបំពេញដំណើរទស្សនកិច្ចលើកចុងក្រោយនៅអាល្លឺម៉ង់កាលពីឆ្នាំ២០១៤។ ប៉ុន្តែអ្វីដែលគួរឱ្យ កត់សម្គាល់គឺថាជំនួបរវាងមេដឹកនាំទាំងពីរ កើតមានឡើងនៅចំពេលអាល្លឺម៉ង់ និងតួកគី សុទ្ធតែកំពុងទទួលរងសម្ពាធពាណិជ្ជកម្ម ពីសហរដ្ឋអាមេរិក៕