(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថាប្រជាជនស៊ីរីប្រមាណជា១១លាននាក់ ត្រូវបានគេចាត់ទុកថាជាជនភៀសខ្លួនដោយ ការបង្ខំ ហើយ០៦លាននាក់ក្នុងចំណោមអ្នកទាំងនេះ បានក្លាយជាជនភៀសខ្លួននៅក្នុងប្រទេស គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីឆ្នាំ២០១១មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃពុធសប្ដាហ៍នេះ លោក Nikolay Burtsev ជាមន្ត្រីជាន់ខ្ពស់មួយរូបមកពីក្រសួង ការបរទេសរុស្ស៊ីបានបញ្ជាក់ដូច្នេះថា៖ «ផ្អែកលើទិន្នន័យផ្ដល់ដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR ប្រជាជនស៊ីរី១១លាននាក់បានក្លាយជាជនភៀសខ្លួនដោយការបង្ខំ ខណៈបច្ចុប្បន្នការត្រឡប់មកកាន់ ប្រទេសកំណើតរបស់ពួកគេ កំពុងស្ថិតនៅជាបញ្ហាចោទនៅឡើយ»។
គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រសួងការបរទេសរុស្ស៊ី ធ្វើឡើងស្របពេលរដ្ឋាភិបាលស៊ីរី បានជម្រុញឱ្យប្រជាជនស៊ីរីដែល បានរត់ភៀសខ្លួនទៅក្រៅប្រទេស ជាពិសេសនៅទ្វីបអឺរ៉ុប ត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញ បន្ទាប់ពីកងទ័ពរដ្ឋាភិបាល វាយដណ្ដើមបានទឹកដីស្ទើតែទាំងស្រុងពីក្រុម ISIS និងក្រុមឧទ្ទាមស៊ីរី មកវិញ៕